ចូល​ឆ្នាំរកា​នេះ​តើ​ឆ្នាំ​ណា​ខ្លះ​​ឆុង ឆ្នាំ​ណា​ខ្លះ​កាក់កប? ចូរអានវិធីដោះស្រាយឆ្នាំឆុង

ពិធីបុណ្យចូលឆ្នាំចិន ឆ្នាំរកានឹងមកដល់ឆាប់ៗនេះហើយ បើតាមចិនស៊ែដ៏ល្បីមួយរូប បានប្រាប់ថា មានឆ្នាំខ្លះកាក់កប ឯឆ្នាំខ្លះឆុងនឹងឆ្នាំនេះ ប៉ុន្តែនៅមានដំណោះស្រាយ។

ឆ្នាំដែលឆុង មានឆ្នាំខាល (ឆុងពីម៉ោង ៣ ដល់ ៥ ល្ងាច និង ៩ ដល់ ១១ ព្រឹក) គួរតែសែននៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៦ នៅក្នុងផ្ទះដើម្បីកាត់ឆុង និង ឆ្នាំវក (ឆុងម៉ោង ៣ ដល់ ៥ ព្រឹក និង ម៉ោង ៩ ដល់ ១១ យប់) គួរតែសែននៅផ្ទះនៅថ្ងៃទី១៦ ខែ មករា ឆ្នាំ ២០១៦ ដើម្បីកាត់ឆុង។

អ្នកកើតឆ្នាំទាំងពីរមិនគួរ ទៅការដ្ឋានសាងសង់ទេ តែបើមានការសាងសង់ផ្ទះខ្លួនឯងគួរពឹងបងប្អូនឱ្យជួយមើលការខុសត្រូវជំនួស មិនគួរទៅមើលខ្លួនឯងទេ នាំមានរឿងរ៉ាវជាមួយជាងធ្វើផ្ទះ។ កុំទៅបុណ្យសព ព្រោះអាចនាំរឿងស៊យដល់ខ្លួន បើចាំបាច់ខ្លាំងមែនទែនមិនអាចចោលបានមុននឹងទៅត្រូវងូតទឹកឱ្យស្អាតបាត និង ដាក់ផ្លែទទឹមតាមខ្លួន។ ពេលទៅដល់ផ្ទះបុណ្យសព កុំអង្គុយមុខផ្ទះ និង ត្រូវកន្លងក្អមភ្លើងដែលដាក់សម្រាប់ដុតក្រដាសសែនដើម្បី យកឈ្នះវិញ្ញាណខ្មោច។ ពេលត្រឡប់មកពីបុណ្យសពវិញ គួរកុំជិះផ្លូវដដែល គួរជិះផ្លូវផ្សេង។ មុនពេលចូលទៅក្នុងផ្ទះត្រូវ យកផ្កាម្លិះ ផ្កាឈូក ឬ ផ្កាទទឹមទៅបាចលើខ្លួន លុបមុខឱ្យស្អាតបាតសឹមចូលក្នុងផ្ទះ។

ឆ្នាំជូត (ឆុងម៉ោង ១១ ដល់ ៣ រសៀល និង ម៉ោង ១១ ដល់ ១ យប់) គួរប្រយ័ត្នប្រយែងការធ្វើដំណើរតាមផ្លូវ។ អ្នកកើតឆ្នាំនេះគួរសែនអ្នកតាខ្លាស ដែលមាននៅតាមកន្លែងផ្សេងៗដូចជា វត្តភ្នំ ឬ ក្រុងតាខ្មៅជាដើម។ សំណែនមានដូចជា សាច់ជ្រូកឆៅបីជាន់ មួយដុំ ពងទាឆៅពីរគ្រាប់ ដោយមួយគ្រាប់ដាក់សែនជាមួយសាច់ជ្រូក ឯមួយគ្រាប់ទៀតយកទៅគោះនឹងមាត់ខ្លាបន្តិច ហើយយកទៅគប់លើផ្លូវឧបកិច្ចថាជាគ្រោះថ្នាក់ចរាចរណ៍។

អ្នកកើតឆ្នាំឆ្លូវ ឆុងតិចតួច គួរសែននៅផ្ទះដោយខ្លួនឯងនៅម៉ោង ៥ ដល់ ៦ ល្ងាច នៅថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ ២០១៦ ហើយពេលអុជធូបត្រូវ ឧទ្ទិសដល់ទេវតា ឈ្មោះ ឡេង តិច ដើម្បីជួយថែរក្សាខ្លួន។

ចំណែកអ្នកកើតឆ្នាំម្សាញ់ រកទទួលទានកាក់កបណាស់ក្នុងឆ្នាំរកានេះ ប៉ុន្តែត្រូវចេះទុកដាក់សន្សំសំចៃផង។ ចំណែកអ្នកកើតឆ្នាំ ផ្សេងពីឆ្នាំខាងលើ លោកថាល្អបង្គួរ៕ ប្រភព៖ Todaysharing