អាវុធហត្ថ​ខេត្ត​​កណ្តាល​​​​រក​ឃើញ​​​ទីតាំង​ទទួល​ផល​ចោរ​កម្ម​ដ៏​ធំ​ក្នុង​ស្រុក​សំរោង​ ​​រឹបអូប​ស្លាកលេខជាង​១០០សន្លឹក​

​​​​ខេត្ត​តាកែវ​៖​ កម្លាំង​រាជ​អាវុធ​ហត្ថ​ (អ​ហ​) ខេត្ត​កណ្តាល ​​បាន​សហការ​ជាមួយ​កម្លាំង​ អ​ហ​ខេត្ត​តាកែវ​ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​​​ជនសង្ស័យ​ ០២​នាក់​ពាក់ព័ន្ធ​ករណី​ទទួល​ផល​ចោរកម្ម​ (ម៉ូតូ ​រថយន្ត) ​នៅ​ចំណុច​ស្ថិត​ក្នុង​ភូមិ​ត្រពាំ​រាំង ឃុំ​ខ្វាវ ​ស្រុក​សំរោង​​ កាល​ពី​រសៀល​ថ្ងៃ​ទី​០៧​ ខែ​មករា​ឆ្នាំ​២០១៧​​​ ហើយ​ក្នុង​នោះ​មាន​​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ​សុំ​ សៀប ​ភេទ​ ប្រុស អាយុ ៥១​ឆ្នាំ ​ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិត​ប្រាកដ ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​​។
នៅ​វេលា​ម៉ោង​ ៤៖១៥​​នាទី​ ថ្ងៃ​ដដែលនោះ​ ​ដោយ​បាន​ការអនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កណ្តាល ​កម្លាំង​បាន​នាំ​ជនសង្ស័យ​ឈ្មោះ​ សុំ សៀប ​ទៅ​ចង្អុល​បង្ហាញ ​លំនៅឋាន​និង​បាន​ធ្វើការ​ឆែកឆេរ​រក​វត្ថុតាង​ជា​លទ្ធផល​រួមមាន៖
ស្លាក​លេខ​ម៉ូតូ ​ចំនួន​ ១០៣​ បន្ទះ​ ស្លាក​លេខ​រថយន្ត​ ចំនួន​០២​បន្ទះ​ ​កូន​សោ​ម៉ូតូ​ចំនួន​២០​​គ្រាប់​ បន្ទះ​កុង​ទ័រ​ចំនួន​០៥​​បន្ទះ ​​ប្រដាប់​សម្រាប់​កឹប​ផ្លាក​លេខ​ម៉ូតូ ​ចំនួន ០៣​​គ្រឿង ​និង​គ្រាប់​កឹប​មួយ​ចំនួន​​​សម្ភារៈ​សម្រាប់​ដាប់​កែច្នៃ​ស្លាក​លេខ ​លេខ​តួ ​និង​លេខ​ម៉ាស៊ីន​មួយ​ចំនួន គ្រាប់​អាវុធ​ខ្លី​ចំនួន​២០​គ្រាប់​ ប័ណ្ណ​សម្គាល់​យានយន្ត​ចំនួន​៤៨​សន្លឹក​ អត្តសញ្ញាណប័ណ្ណ​ខ្មែរ​ ចំនួន​១៣​សន្លឹក​និង​ប័ណ្ណ​បើកបរ​ចំនួន​ ០៣​សន្លឹក​។
គួរ​រំឮក​ផង​ដែរ​ថា​ មុន​នឹង​​ឈាន​ដល់​ចុះ​បង្ក្រាប​ដល់​ទីតាំង​ទទួល​ផល​ចោរកម្ម​​​ដ៏​ធំក្នុង​ស្រុក​សំរោង​​​នេះ​ ​​កាលពី​ថ្ងៃ​ទី​ ០៥​ ខែ​មករា​ ឆ្នាំ​២០១៧​ កម្លាំង​ អហ​ ខេត្ត​កណ្តាល ​សហការ​ជាមួយ ​អហ រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​ជនសង្ស័យ​ឈ្មោះ ​គឹម ​សុខ​សំណាង ​ហៅ ​យ៉យ ​ភេទ​ប្រុស ​អាយុ​ ៣៨​ឆ្នាំ​ ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារ​ធាតុ​ញៀន​។
ក្រោយ​ធ្វើ​ការ​សាក​សួររួច ​និង​បាន​ការ​អនុញ្ញាត​ពី​លោក​ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត​កណ្តាល​ ព្រមទាំង​ការ​នាំ​ទៅ​ចង្អុល​​បង្ហាញ​របស់​ជនសង្ស័យ ​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​០៧​ មករា​ ឆ្នាំ​២០១៧​​ កម្លាំង​ អហ ​ខេត្ត​កណ្តាល​បាន​សហការ​ជាមួយ​ កម្លាំង​ អហ ខេត្ត​តាកែវ​ចុះ​បង្ក្រាប​ដល់​ទីតាំង​ខាងលើ​តែ​ម្តង​៕​
ផ្តល់សិទ្ធិដោយ៖ KQube