បុរសម្នាក់ទម្លាប់ផឹកតែគុជមួយថ្ងៃ៣កែវរាល់ថ្ងៃ រហូតពោះវៀនត្រូវកកស្ទះដោយគ្រាប់គុជ ដែលគាត់ទំពាមិនម៉ត់
cily sok August 24, 2019 at 7:46 am
facebook

វៀតណាម៖ បុរសម្នាក់ដែលមានទម្លាប់ញ៉ាំតែគុជមួយថ្ងៃ៣កែវត្រូវបានវេជ្ជបណ្ឌិតរកឃើញថា មានបញ្ហាស្ទះពោះរៀន ក្រោយបុរសជាជនរងគ្រោះមានអាការឈឺពោះជាង ២០ ថ្ងៃ​ និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសវៀតណាម ខណៈបុរសជនរងគ្រោះមានអាយុត្រឹមតែ ២០ ឆ្នាំ ប៉ុណ្ណោះ។ តាមការចុះផ្សាយនៅក្នុងសារព័ត៌មាន WORLDOFBUZZ បានឲ្យដឹងថា ជាធម្មតាបុរសរងគ្រោះតែងញ៉ាំតែគុជ ៣ កែវក្នុងមួយថ្ងៃ ហើយទម្លាប់នេះបានកើតមានជាច្រើនខែមកហើយ។ មុនពេលត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យបុរសរងគ្រោះមានអាការៈឈឺពោះជាប្រចាំ ហើយគាត់ក៏ព្យាយាមញ៉ាំថ្នាំដែរមិនបាត់ឈឺទាល់តែសោះ។

លុះការឈឺចាប់នេះបន្តកើតឡើងអស់ ២០ ថ្ងៃ ទើបខាងគ្រួសារគាត់សម្រេចបញ្ជូនគាត់ទៅមន្ទីរពេទ្យឯកទេស ដើម្បីពិនិត្យតែម្តង។ ក្រោយការពិនិត្យគេបានរកឃើញថា គាត់ពុំបានទំពាគ្រាប់គុជដែលមាននៅក្នុងតែគុជឲ្យម៉ត់នោះទេ ពោលគឺគាត់លេបវាចូលទៅក្នុងពោះតែម្តង ហើយយូរៗទៅកាកសំណល់របស់គ្រាប់គុជនោះក៏បានកកជាប់នៅក្នុងពោះវៀន និងបានធ្វើឲ្យពោះវៀនស្ទះតែម្តង។ ក្រោយការវះគាត់ពោះវៀន ដើម្បីជួយសង្គ្រោះជនរងគ្រោះរួច វេជ្ជបណ្ឌិតបានផ្តល់ដំបូន្មានថា ទោះញ៉ាំអាហារអ្វីក៏ដោយត្រូវទំពាឲ្យម៉ត់ល្អ ដើម្បីជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងពោះវៀន ហើយគួរកាត់បន្ថយ ឬចៀសវាងឲ្យបាននូវភេសជ្ជៈដូចជាតែគុជនេះ ព្រោះវាមានគ្រោះថ្នាក់សម្រាប់សុខភាពខ្លាំងណាស់៕ ប្រភព៖ Khmer Note