លែងស្ទះទៀតហើយ! រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ចំនួន ២ កន្លែងទៀត ក្នុងពេលដ៏ខ្លីខាងមុខនេះ
cily sok January 4, 2020 at 3:48 am
facebook

រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ចំនួន ២ កន្លែងទៀត ក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីដោះស្រាយបញ្ហាចរាចរណ៍ឲ្យមានភាពប្រសើរឡើងវិញនៅលើបណ្ដោយផ្លូវជាតិលេខ២ លេខ៣៦៩ ក៏ដូចជាផ្លូវជាតិលេខ១ និងផ្លូវតភ្ជាប់មួយចំនួនទៀតគឺ ចន្លោះ​ពី​ស្ពាន​ព្រះមុនីវង្ស និង​ស្ពាន​ទន្លេបាសាក់ តាខ្មៅ (​ស្ពាន​ព្រែក​សំរោង​)។ នេះបើយោងតាមការបង្ហាញឲ្យដឹងក្នុងកិច្ចប្រជុំមួយជាមួយក្រុមការងារចុះសិក្សាគម្រោងសាងសង់ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់​ត​ភ្ជាប់​ពី​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ មក​សង្កាត់​ចាក់អង្រែលើ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញកាលពីរសៀល​ថ្ងៃទី​០២ ខែ​មករា ​ឆ្នាំ​២០២០ នៅ​សាលា​រាជធានី​ភ្នំពេញ។

ជាមួយគ្នានេះដែរប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញបាន​បញ្ជាក់​ឲ្យ​ដឹង​ថា គម្រោង​ស្ថាបនា​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ចន្លោះ​ពី​ស្ពាន​ព្រះមុនីវង្ស និង​ស្ពាន​ទន្លេបាសាក់ តាខ្មៅ (​ស្ពាន​ព្រែក​សំរោង​) គឺមាន​ចន្លោះ​ពី​ស្ពាន​ព្រះមុនីវង្ស ទៅ​ស្ពាន​ទន្លេ​បាសាក់ តាខ្មៅ​មាន​ប្រវែង​ប្រមាណ ​៧៥៣៨​ម៉ែត្រ មាន​បណ្ដាញ​ផ្លូវ​មេ​ចំនួន​ពីរ​ខ្សែ​សណ្តូក​តាម​បណ្តោយ​ទន្លេបាសាក់។ ដោយផ្លូវទី​​១ គឺផ្លូវ​លេខ​៣៦៩ អម​ផ្នែក​ខាងកើត​ទន្លេ ដែល​មាន​ទទឹង​ចន្លោះ​ពី​២០ ​ទៅ​៣០​ម៉ែត្រ ហើយផ្លូវទី​២ គឺផ្លូវជាតិ​លេខ​២ អម​ផ្នែក​ខាងលិច​ទន្លេ​ដែល​មាន​ទទឹង​៣០​ម៉ែត្រ ចាប់ពី​ស្ថាន​ព្រះមុនីវង្ស ដល់​រង្វង់​មូល ព្រះនរាយណ៍ មាន​ប្រវែង​ប្រមាណ​៤២៨២​ម៉ែត្រ បន្ត​ឆ្លងកាត់​ទីក្រុង​តាខ្មៅ និង​ផ្លូវជាតិ​លេខ​២១​។

ជាក់ស្ដែងដោយសារតែក្នុងតំបន់នោះជា​ចរន្ត​ដែល​ត្រូវធ្វើ​ចរាចរណ៍​ឆ្លងកាត់​ចូលមក​ផ្នែក​កណ្តាល​ នៃ​រាជធានី​ភ្នំពេញ ដែល​បណ្តាលឲ្យ​ចរាចរណ៍​កកស្ទះ ដោយសារ​កំណើន​សេដ្ឋកិច្ច​ទីផ្សារ​និង​ប្រជាពលរដ្ឋ ដូចនេះ​ចាំបាច់​ត្រូវធ្វើ​ការអភិវឌ្ឍ​ដោយ​សិក្សា​រក​ដំណោះស្រាយ​បញ្ហា​ការ​កកស្ទះ តាមរយៈ​ការសាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ និង​បណ្ដាញ​ផ្លូវ​មេ​សំខាន់ៗ​មួយចំនួន។​ ប៉ុន្តែទោះជាយ៉ាងណាក្ដីនេះ​គ្រាន់តែ​ជា​គម្រោង​ដែល​បាននិងកំពុង​សិក្សា​នូវ​ឡើយ​ទេ មិនទាន់​កំណត់​ថា នឹងត្រូវ​សាងសង់​នៅពេលណា​ឲ្យ​បាន​ច្បាស់លាស់​នោះទេ៕​ ប្រភព៖ Khmer Note