យោងតាមសហព័ន្ធឧស្សាហកម្មក្នុងប្រទេសថៃបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការលក់រថយន្តក្នុងស្រុកបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៣០ ខែ បើគិតត្រឹមខែមិថុនាពោលគឺធ្លាក់ចុះ ២.១% ធៀបនឹងឆ្នាំមុនដែលលក់បាន ៨៦,០៤៨ គ្រឿង តែកើនឡើង ៣.៧% កាលពីខែឧសភា។ ជុំវិញមូលហេតុនៃការធ្លាក់ចុះនេះ ដោយសារតែការផ្តល់ប្រាក់កម្ចីកាន់តែតឹងរឹងជាងមុនរបស់គ្រឹះស្ថានហិរញ្ញវត្ថុ និងតួលេខប្រៀបធៀបខ្ពស់ជាងមុនកាលពីឆ្នាំមុន។
ជាក់ស្ដែងនៅក្នុងឆ្នាំ ២០១៩ នេះ ការលក់ក្នុងស្រុកត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងពី ២.៤៤% ដល់ ១,០៥ លានគ្រឿងបន្ទាប់ពីឆ្នាំមុនមានត្រឹមតែ ១៩,៥% កើនឡើងដល់ ១,០៤ លានគ្រឿងដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំ។ ទោះបីជាការលក់ក្នុងស្រុកធ្លាក់ចុះយ៉ាងណាក្ដី ក៏ការនាំចេញនៅក្នុងខែមិថុនាមានចំនួន ៩៧,៥៧៥ គ្រឿងកើនឡើង ២.៤% ជាមួយនឹងការនាំចេញកាន់តែច្រើននៅអាស៊ី និងអឺរ៉ុប ក្នុងតម្លៃ ៥១៣៥ ពាន់លានបាត ដោយកើនឡើង ៤.៤៩%។
គួរបញ្ជាក់ផងដែរថា ជាមួយនឹងការលក់រថយន្ត និងការនាំចេញរថយន្តក្នុងខែមិថុនាមានចំនួន ១៧២,៨៧៨ គ្រឿងធ្លាក់ចុះ ៨.៥២% ក្នុងសន្ទស្សន៍ប្រចាំឆ្នាំ និងធ្លាក់ចុះ ៤.៦៦% បើធៀបពីមួយខែទៅមួយខែ។ ទន្ទឹមនឹងនេះដែរ ទិន្នផលរថយន្តក្នុងរយៈពេល ៦ ខែដំបូងមានចំនួន ១,០៦៦ លានគ្រឿងកើនឡើង ០.៨៩% ។ ដោយឡែកការដឹកជញ្ជូនរថយន្តពីខែមករា ដល់ខែមិថុនាមានចំនួនសរុប ៥៥៩ ៨៦១ គ្រឿងធ្លាក់ចុះ ០.៣៧% ហើយតម្លៃនាំចេញសម្រាប់ឆមាសទី១ ត្រឹមតែ ២៨៥២ ពាន់លានបាតប៉ុណ្ណោះពោល គឺធ្លាក់ចុះ ១.៩៦%៕

អត្ថបទ៖ លីនី