ប៉ូលីសស្បែកសដែលសម្លាប់លោក George Floyd ត្រូវបានប្រពន្ធដាក់ពាក្យលែងលះ
cily sok June 2, 2020 at 2:26 pm
facebook

យោងតាមសេចក្តីថ្លែងការណ៍មួយតាមរយៈមេធាវីបានឱ្យដឹងថា ភរិយារបស់ជនល្មើសឈ្មោះថា Derek Chauvin ដែលជាអតីតមន្ត្រីប៉ូលីសធ្វើការនៅទីក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក ដែលបានសម្លាប់ជនជាតិស្បែកខ្មៅម្នាក់នៅទីនោះកាលពីពេលថ្មីៗនេះ បានសម្រេចចិត្តដាក់ពាក្យលែងលះប្ដីរបស់ខ្លួន ក៏ព្រោះតែនាងខូចចិត្តចំពោះការស្លាប់របស់លោក George Floyd ដែលត្រូវបានប្ដីរបស់នាងសម្លាប់យ៉ាងគួរឱ្យអាសូរបំផុត។ រំលឹកផងដែរថា ជនរងគ្រោះលោក George Floyd ត្រូវបានជនល្មើស Derek Chauvin ឃាត់ខ្លួនទាក់ទងនឹងករណីចាយលុយក្លែងក្លាយក្រដាស ២០ដុល្លារអាមេរិក ហើយក្រោយមកទៀតក្រុមមន្ត្រីប៉ូលីសបានវាយខ្នោះដៃនិងសង្កត់គាត់ផ្ទប់នឹងដី ដែលបណ្ដាលឱ្យគាត់ថប់ដង្ហើមស្លាប់នៅកន្លែងកើតហេតុ។

ជនល្មើស Derek Chauvin ក្រោយមកត្រូវបានគេបណ្ដេញចេញពីការងារ និងត្រូវជាប់ចោទពីបទឃាតកម្មកម្រិតទី៣ និងមនុស្សឃាតកម្រិតទី២។ ក្នុងហេតុការណ៍នោះមិនមែនមានតែជនល្មើស Derek Chauvin ម្នាក់ឯងទេ នៅមានមន្ត្រីប៉ូលីសចំនួន ៣នាក់ផ្សេងទៀត ដែលត្រូវបានគេស្គាល់ឈ្មោះថា Thomas Lane, Tou Thao និង J. Alexander Kueng ។ ជនល្មើស Derek Chauvin នឹងត្រូវជាប់គុករយៈពេល ២៥ឆ្នាំ ចំពោះទោសឃាតកម្មកម្រិតទី៣ និង ១០ឆ្នាំបន្ថែម​ ចំពោះទោសមនុស្សឃាតកម្រិត២ ប្រសិនរកឃើញថាមានពិរុទ្ធ។ ជនល្មើសក៏ត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃរដ្ឋ Minnesota ចាប់ខ្លួនកាលពីថ្ងៃសុក្ររួចហើយដែរ។

ចំណែកនាង Kellie Chauvin ដែលជាជនជាតិឡាវភាសខ្លួនទៅនៅអាមេរិក និងត្រូវជាភរិយាជនល្មើស Derek Chauvin បានសម្រេចចិត្តដាក់ពាក្យលែងលះប្ដីរបស់នាង ដោយសារតែមិនអាចធ្វើចិត្តបានចំពោះការស្លាប់របស់លោក George Floyd ហើយមេធាវីរបស់នាងក៏បានប្រកាសពីការសម្រេចចិត្តរបស់នាងផងដែរ៕ ប្រភព៖ Khmer Note