ព្រះសង្ឃ៤៨អង្គ នៅខេត្តបន្ទាយមានជ័យ ធ្លាក់ខ្លួនឈឺគ្រុនក្តៅជាបន្តបន្ទាប់ សង្ស័យកើតជំងឺគ្រុនឈីក និងជំងឺផ្តាសាយធំ !
cily sok September 15, 2020 at 9:08 am
facebook

(បន្ទាយមានជ័យ)៖ យ៉ាងហោចណាស់មានព្រះសង្ឃចំនួន៤៨អង្គ សង្ស័យកើតជំងឺគ្រុនឈីក និងជំងឺផ្តាសាយធំ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យ នាយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។ នេះបើតាមការបញ្ជាក់របស់លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បានអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា «ព្រះសង្ឃដែលសង្ស័យកើតជំងឺគ្រុនឈីកនោះ គង់នៅវត្តបឹងត្រស់ ស្ថិតនៅភូមិបឹងត្រស់ ឃុំភ្នំតូច ស្រុកមង្គលបូរី មានព្រះសង្ឃ ជាច្រើនអង្គមានរោគសញ្ញាគ្រុនក្តៅ ខ្លះក្តៅញាក់ វិលមុខឈឺក្បាល និងពិបាកដកដង្ហើមក្រោយពីចេញរោគសញ្ញា ហើយបានចាត់បញ្ជូនរថយន្តសង្រ្គោះបន្ទាន់ របស់មណ្ឌលសុខភាពអូរប្រាសាទ ចេញទៅដឹកមកព្យាបាល នៅពេទ្យខេត្ត មង្គលបូរី អស់ហើយ»។

លោក ឡេ ច័ន្ទសង្វាត បានបញ្ជាក់ថា ព្រះសង្ឃសង្ស័យថា កើតជំងឺគ្រុនឈីកនេះ ចាប់ផ្តើមកើតនៅថ្ងៃទី១៣ ខែកញ្ញា មានព្រះសង្ឃចំនួន១៣អង្គហើយ ត្រូវបានព្រះចៅអធិការបញ្ជូនទៅមន្ទីពេទ្យបង្អែកថ្មគោល ដោយសារមានរោគសញ្ញាក្តៅខ្លួន ឈឺក្បាល វិលមុខ និងចំនួនព្រះសង្ឃ១៣អង្គទៀត ត្រូវបានបញ្ជូនមកមន្ទីរពេទ្យខេត្តមង្គលបូរី។

លោកបន្ថែមទៀតថា ក្រុមការងារមន្ទីរសុខាភិបាលខេត្ត ដឹកនាំដោយរូបលោកផ្ទាល់ បានទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យ និងចាត់ចែង ដោយត្រូវបូមឈាមរកមើលករណីគ្រុនឈីក គ្រុនឈាមអស់ហើយ ព្រឹកស្អែកអាចឈានទៅយកសំណាក ក្នុងករណីសង្ស័យ ក្តៅខ្លួន ច្រើនថ្ងៃ ឬ កំដៅមិនចុះរកមើលវីរុសកូវីដ១៩ជាដើម។

លោក ឡេ ច័ន្ទសង្វាត បានបញ្ជាក់ទៀតថា «បើតាមការសន្និដ្ឋានជាបឋមអាចជាជំងឺផ្តាសាយធំ ឬគ្រុនឈីក ហើយក្រុមការងារកំពុងពិនិត្យ និងតាមដានសុខភាព ឬការវិវត្តន៍នៃជំងឺ»។

លោកបានគូសបញ្ជាក់ថា ក្នុងចំណោមព្រះសង្ឃចំនួន៤៨អង្ឃខាងលើ មិនមានករណីធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់ទេ ក្នុងនោះលោកបានធ្វើការសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់សូមប្រុងប្រយ័ត្ន ថែទាំសុខភាព បង្ការពីជំងឺកូវីដ-១៩ និងជំងឺឆ្លងដទៃទៀត ក្នុងកំលុងពេលកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិសេសតាមវត្តអារាម សូមអំពាវនាវឱ្យមានការរៀបចំទីកន្លែង ត្រួតពិនិត្យសុខភាព ប្រជាពលរដ្ឋ ការរក្សាសុវត្ថិសង្គមអនាម័យ ខ្លួនប្រាណ ជាដើម តាមវិធានក្រសួងសុខាភិបាល ក្នុងករណីសង្ស័យ ឬមានបញ្ហាសុខភាពកើតឡើង សូមអញ្ជើញទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ឬទូរស័ព្ទមកលេខ១១៥៕​ ផ្តល់សិទ្ធដោយ៖ Freshnews