អាមេរិកព្រមាននឹងសងទៅវិញ ១,០០០ដង ប្រសិនបើអ៉ីរ៉ង់គិតចង់ធ្វើឃាតឯកអគ្គរដ្ឋទូត ឬពលរដ្ឋអាមេរិកណាម្នាក់
cily sok September 15, 2020 at 2:15 pm
facebook

មុននេះបន្ដិចប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្ដាញ Twitter ចេញសេចក្តីព្រមានដ៏តឹងរឹងដល់អ៉ីរ៉ង់ថា ការប៉ុនប៉ងធ្វើឃាត ឬវាយប្រហារប្រឆាំងនឹងសហរដ្ឋអាមេរិករបស់អ៉ីរ៉ង នៅក្នុងការសងសឹកមកវិញចំពោះការធ្វើឃាតឧត្តមសេនីយ៍ Qassem Soleimani កាលពីដើមឆ្នាំនេះ នឹងត្រូវឆ្លើយតបទៅវិញ ១,០០០ដង ។ លោក ដូណាល់ ត្រាំ មានប្រតិកម្មភ្លាមៗបែបនេះ បន្ទាប់ពីបានដំណឹងមកថា រដ្ឋាភិបាលក្រុងតេអេរ៉ង់កំពុងពិចារណាលើការប៉ុនប៉ងធ្វើឃាតលើលោកស្រី Lana Marks ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអាហ្វ្រិកខាងត្បូង។

ការពិតទៅមន្រ្តីសហរដ្ឋអាមេរិកបានដឹងអំពីការគំរាមកំហែងប្រឆាំងនឹងឯកអគ្គរដ្ឋទូតចាប់តាំងពីនិទាឃរដូវ ប៉ុន្តែការស៊ើបការណ៍សម្ងាត់បង្ហាញថា ការគំរាមកំហែងទាំងនោះកាន់តែមានលក្ខណៈជាក់លាក់នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ លោក ដូណាល់ ត្រាំ បានសរសេរថា៖«យោងតាមរបាយការណ៍សារព័ត៌មាន អ៉ីរ៉ង់អាចនឹងមានគម្រោងធ្វើឃាត ឬការវាយប្រហារផ្សេងទៀតប្រឆាំងនឹងសហរដ្ឋអាមេរិក ក្នុងការសងសឹកចំពោះការធ្វើឃាតលើមេដឹកនាំភេរវករ Soleimani ដែលត្រូវបាន [អាមេរិក] ធ្វើឡើងដោយសារគាត់មានផែនការវាយប្រហារអាមេរិកនាពេលអនាគត។ ការវាយប្រហារណាមួយរបស់អ៉ីរ៉ង់ ទោះក្នុងទម្រង់ណាក៏ដោយប្រឆាំងនឹងសហរដ្ឋអាមេរិក នឹងត្រូវប្រឈមមុខនឹងការវាយប្រហារទៅវិញក្នុងទំហំធំជាង ១,០០០ ដងឯណោះ!»៕ ប្រភព៖ Khmer Note