លោកតាវ័យ៧៤ឆ្នាំ បើកម៉ូតូឌុបចៅ និងប្រពន្ធ ជ្រុលទៅបុករនាំងដែក នៅរង្វង់មូលលោកតាក្រហមក ខេត្តកំពង់ធំ បណ្តាលឲ្យចៅជុងដែកស្លាប់ និងយាយតារបួសធ្ងន់
Khmer press September 16, 2020 at 3:35 pm
facebook

(កំពង់ធំ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់ ដោយលោកតាម្នាក់បើកបរម៉ូតូ ជ្រុលទៅបុករនាំងដែក នៅរង្វង់មូលលោកតាក្រហមក ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ បណ្តាលឱ្យចៅស្រីអាយុ៧ឆ្នាំស្លាប់ ក្រោយបញ្ជូនមកកាន់មន្ទីរពេទ្យ ខណៈលោកតា និងលោកយាយរបួសធ្ងន់ ត្រូវបញ្ជូនសង្គ្រោះបន្ទាន់នៅភ្នំពេញ។

បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងស្ទឹងសែន បានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ព្រឺព្រួចនេះ បានកើតឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៨៖៤០នាទីព្រឹក ត្រង់ចំណុចរង្វង់មូល N.6 ភូមិពោធិ៍បាក់ក្រង សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

របាយការណ៍ដដែល បានបន្តថា ម៉ូតូរងគ្រោះម៉ាក C. 125 ស៊េរី ឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1GM-9698 បើកបរដោយឈ្មោះ ឆេង អោ ភេទប្រុស អាយុ៧៤ឆ្នាំ រស់នៅភូមិចុងដា ឃុំត្បូងក្រពេី ស្រុកសន្ទុក ខេត្តកំពង់ធំ មានមុខរបរ នៅផ្ទះ របួសធ្ងន់ធ្វើចរាចរណ៍ពីលិចទៅកេីត។ អ្នករួមដំណេីរមានឈ្មោះ ងួន ប៉ុម ភេទស្រី អាយុ៦៣ឆ្នាំ នៅភូមិចុងដា ឃុំត្បូងក្រពេី ស្រុកសន្ទុក ខេត្តកំពងធំ មុខរបរនៅផ្ទះ របួសធ្ងន់ បាក់ជេីងឆ្វេង និងកុមារីម្នាក់មានឈ្មោះ រឿង សៀងលី ភេទស្រី អាយុ០៧ឆ្នាំ រស់នៅភូមិទឹកសិណ ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង មុខរបរសិស្ស។

បើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ធំ បានបញ្ជាក់ឱ្យដឹងថា កុមារីអាយុ៧ឆ្នាំ បានស្លាប់ក្រោយបញ្ជូនមកដល់មន្ទីរពេទ្យ ខណៈតា និងយាយ ត្រូវបានបញ្ជូនព្យាបាលបន្តនៅមន្ទីរពេទ្យ រាជធានីភ្នំពេញ។ បើតាមរបាយការណ៍បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីអ្នកបើកបរ ខ្វះការប្រុងប្រយ័ត្ន (បង្កដោយខ្លួនឯង)។ ភ្លាមៗ ក្រោយទទួលបានព័ត៌មានពីគ្រោះថ្នាក់ចរាចរណ៍ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានបញ្ជាឱ្យសមត្ថកិច្ច យករថយន្តដឹកជនរងគ្រោះមកព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ Freshnews