លោក យឹម តាស្រង់ ចេញមុខបកស្រាយ ក្រោយមានការយល់ច្រឡំបទចម្រៀង លោក ព្រាប សុវត្ថិ រវាង Lyric Video និង MV
Khmer press September 19, 2020 at 11:20 am
facebook

(ភ្នំពេញ)៖ បន្ទាប់ពីចូលក្នុងផលិតកម្ម Galaxy Navatra ជាផ្លូវការលោក ព្រាប សុវត្ថិ បង្ហើរសំនៀងប៉ុន្មានបទ ដើម្បីអបអរថ្ងៃបុណ្យភ្ជុំបិណ្ឌ ដោយក្នុងនោះគេសង្កេតឃើញថា មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន។ យ៉ាងណាមិញ មានមតិមួយចំនួនបានយល់ច្រឡំចំពោះចម្រៀងរបស់លោក ព្រាប សុវត្ថិ ដោយអះអាងថា ធ្វើវីដេអូបែបនេះ មិនស័ក្តិសមនឹងលោក ព្រាប សុវត្ថិ គួរណាតែធ្វើវីដេអូឲ្យធំដុំជាងនេះ ទាំងមិនបានដឹងថា នេះគ្រាន់តែជា Lyric Video មិនមែនជា MV ចម្រៀងនោះទេ។

ឆ្លើយតបនឹងការយល់ច្រឡំបែបនេះ អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម Galaxy Navatra លោក យឹម តាស្រង់ បានធ្វើការបកស្រាយ ដើម្បីឲ្យមហាជនបានជ្រាបកាន់តែច្បាស់ជៀសវាងការយល់ច្រឡំទាំងងងឹតងងុល។
លោក យឹម តាស្រង់ បានបញ្ជាក់ក្នុង Facebook ផ្លូវការផ្ទាល់លខ្លួនថា «ប៉ុន្មានថ្ងៃនេះឃើញប្អូនៗមួយចំនួនច្រឡំរវាង Lyric Video និង MV លោក ព្រាប សុវត្ថិ ទាំងដែល Galaxy Navatra ធ្វើកន្លងមករាប់សិបបទទៅហើយ រីឯខ្លះមួយផ្នែកទៀតថា Lyric Video គេមិនធ្វើអ៊ីចឹងទេគេឌីហ្សាញដាក់តែរូបភាពដាក់អក្សរឬថតមុខក្បាលមៃក្រូហ្វូនច្រៀងក្នុង Studio ទើបហៅ Lyric Video»

លោក យឹម តាស្រង់ បញ្ជាក់ថា ថ្ងៃនេះសូមស្រាយចម្ងល់ជូនអ្នកឆ្ងល់ដូចតទៅនេះ៖

«ទី១៖ ខ្ញុំមានកញ្ចប់ចំណាយឲ្យថត Lyric Video បែបហ្នឹងដើម្បីឲ្យមានទេសភាពធម្មជាតិជូនអ្នកមើលជាជាង Design ដាក់តែរូបមួយសន្លឹកចោល ។

ទី២៖ ខ្ញុំស្អប់របៀបធ្វើតាមតែគ្នាដោយឌីហ្សាញដាក់តែរូបភាពរត់អក្សរ ឬច្រៀងមុខក្បាលមេក្រូក្នុងបន្ទប់ព្រោះវាគួរឲ្យធុញ សាំភ្នែក ព្រោះខ្ញុំធ្វើច្រើនដែរហើយកន្លងមក។

ទី៣៖ ខ្ញុំតែងតែទុកថាខ្ញុំជាខ្ញុំ បើខ្ញុំជាគេមានន័យថាខ្ញុំធ្វើតាមគេហើយ រីឯលទ្ធផលប្រហែលជាមិនមែនជាខ្ញុំ នៅតែជាគេទទួលផលដឹកនាំមុខ។

សរុបសេចក្តីអរគុណនូវការបារម្ភ ហើយខ្ញុំចូលចិត្តរបៀបជាខ្ញុំ»។

គួរជម្រាបថា ចាប់តាំងពីប្រកាសខ្លួនជាផ្លូវការ ក្នុងនាមជាតារាចម្រៀងក្នុងផលិតកម្ម Galaxy Navatra មក លោកព្រាប សុវត្ថិ បានបង្ហើរសំនៀងជាច្រើនបទ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្យនេះ ដោយបទនីមួយៗគេសង្កេតឃើញថា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ។ បទទី១ គឺ «ខែភ្ជុំជ្រូកយំពេញទ្រុង», បទទី២ «ភូមិខ្ញុំ Update», បទទី៣ «អូនជាឆ្មា បងជាកណ្តុរ» និងបទទី៤ «បងស្រណោះឆ្នាំទៅ»៕ ផ្តល់សិទ្ធិដោយ៖ Freshnews