ត្រៀមៗ ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ឆ្នាំ២០២០នេះ នឹងកើតឡើងនៅចន្លោះថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែកញ្ញា ខាងមុខ
cily sok September 22, 2020 at 9:57 am
facebook

យោងតាមការបញ្ជាក់ពីមន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា មន្ត្រីនៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ព្រឹត្តិការណ៍ព្រះអាទិត្យរះលើកំពូលប្រាសាទអង្គរវត្ត មិនមែនជាការចៃដន្យនោះទេ ប៉ុន្តែនេះជាការវិភាគយ៉ាងម៉ត់ចត់លើបញ្ហាស្ថាបត្យកម្ម និងតារាសាស្ត្ររបស់បុព្វបុរសខ្មែរ។

បើតាមការអោយដឹងរបស់លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ព្រឹត្តិការណ៍ព្រះអាទិត្យរះលើកំពូលប្រាសាទអង្គរវត្តនេះមិនមែនជារឿងធម្មតា និង ជាការចៃដន្យនោះទេ គឺជាការគន់គូររបស់ស្ថាបត្យករ វិស្វករ និងតារាសាស្ត្រយ៉ាងល្អិតល្អន់ ហើយបង្កើតជាសំណង់មួយដ៏អច្ឆរិយ ដែលយើងស្គាល់ថាជាអង្គរវត្ត ដែលមានផ្នែកមួយដ៏សំខាន់គឺដំណើរគោចររបស់ព្រះអាទិត្យ និងព្រះចន្ទ ហើយទូទៅជារៀងរាល់ឆ្នាំតែងតែមានព្រឹត្តិការណ៍ថ្ងៃនិងយប់មានពេលស្មើគ្នា ហេតុនេះស្ថាបត្យករ វិស្វករ និងតារាសាស្ត្របុរាណខ្មែរយើងវិភាគយកពេលនេះជាពេលសេរីសួស្ដីមានមង្គល និងកសាងប្រាសាទអង្គរវត្តឲ្យចំព្រឹត្តិការណ៍នេះតែម្ដង ហើយព្រឹត្តិការណ៍នេះមានរយៈពេលខ្លីណាស់ត្រឹមតែ២ ទៅ ៥នាទីប៉ុណ្ណោះ ដោយសារតែផែនដីវិលជុំព្រះអាទិត្យ។

លោក អ៊ឹម សុខរិទ្ធី មានប្រសាសន៍ទៀតថា ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ឆ្នាំ២០២០នេះ កើតឡើងនៅចន្លោះថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែកញ្ញា ដែលត្រូវបានគេហៅថា សមរាត្រី ហើយចំពោះព្រឹត្តិការណ៍នេះមានការចាប់អារម្មណ៍ពីបរទេសច្រើនជាងប្រជាជនកម្ពុជា ដែលយើងទើបតែដឹងឮនៅក្នុងរយៈពេលប្រមាណ៥ឆ្នាំចុងក្រោយនេះ ។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តនេះដែរ មគ្គុទ្ទេសក៍ទេសចរណ៍ភាសាជប៉ុន លោក ជួន ឈឿ បានើកឡើងថា ប្រាសាទអង្គរវត្ត ជាសំណង់មួយដ៏អច្ឆរិយនៅលើពិភពលោក ដែលជាការគន់គូររបស់ស្ថាបត្យករ វិស្វករ និងតារាសាស្ត្ររបស់ដូនតាខ្មែរយើងយ៉ាងល្អិតល្អន់ ដែលភ្ញៀវទេសចរអន្តរជាតិតែងតែចង់ដឹងនូវចំណុចពិសេសដែលពាក់ព័ន្ធទៅនឹងគន្លងព្រះអាទិត្យនិងផែនដី ហើយជារៀងរាល់ឆ្នាំតែងតែមានភ្ញៀវទេសចរជាច្រើនឈរនៅពីមុខប្រាសាទរហូតដល់មុខរានហាល ដែលព្រះអាទិត្យរះត្រង់ចំចំណុចកំពូលកណ្ដាលនៃប្រាសាទ និងមានភាពស្រស់ស្អាតអស្ចារ្យខ្លាំងណាស់ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តដ៏អច្ឆរិយនេះ តែងកើតមានឡើងចំនួនពីរដងក្នុងមួយឆ្នាំ ដោយលើកទីមួយកើតឡើងនៅអំឡុងខែមីនា និងលើកទីពីរកើតឡើងនៅអំឡុងខែកញ្ញា ៕ ប្រភព៖ Khmer Note

អត្ថបទ ៖ កញ្ញា អ៊ុយ បញ្ញារស្មី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
រូបភាព ៖ ឯកសារ