ផ្ទុះការរិះគន់យ៉ាងខ្លាំងលើក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍អូស្ត្រាលី ដែលដាក់រូបប្រាសាទអង្គរវត្តរបស់កម្ពុជា តែសរសេរពាក្យ “VIETNEM” ទៅវិញ
cily sok September 22, 2020 at 3:03 pm
facebook

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ផ្ទុះការរិះគន់ និងប្រតិកម្មជាខ្លាំង ក្រោយក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍របស់អូស្ត្រាលីឈ្មោះ «Wendy Wu Tours» បានយករូបប្រាសាទអង្គរវត្តរបស់កម្ពុជា ហើយបែរជាសរសេរពាក្យសម្គាល់ប្រទេសវៀតណាមនៅពីលើទៅវិញ។ Wendy Wu Tours គឺជាក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ដ៏ល្បីមួយរបស់ប្រទេសអូស្ត្រាលី ដែលតែងតែបង្ហោះរូបភាពតំបន់ទេសចរណ៍ជាច្រើនៅជុំវិញពិភពលោក ហើយក្នុងនោះក៏មានរូបភាពប្រាសាទអង្គរវត្តផងដែរ។

អ្វីដែលគេចាប់អារម្មណ៍នោះ គឺគេហទំព័ររបស់ក្រុមហ៊ុននោះបានបង្កើតកំហុងឆ្លងដោយអចេតនា ដោយយករូបភាពប្រាសាទអង្គរវត្ត ហើយសរសរពាក្យថា “VIETNAM” ទៅវិញ ដែលធ្វើឲ្យមានការយល់ច្រលំថា ប្រាសាទអង្គរវត្តស្តិតនៅប្រទេសវៀតណាម។ ការដាក់រូបភាពបែបនេះធ្វើឲ្យក្រុមហ៊ុននេះទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជាក៏ដូចជាភ្ញៀវអន្តរជាតិមួយចំនួនផងដែរ។

ក្រោយទទួលបានដំណឹងនេះហើយ មន្ត្រីជំនាញនៃក្រសួងទេសចរណ៍ បានទាក់ទងភ្លាមៗទៅកាន់ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ «Wendy Wu Tours» ដើម្បីឲ្យធ្វើការកែសម្រួលកំហុសឆ្គងនៅលើគេហទំព័ររបស់ខ្លួនជាបន្ទាន់ ហើយក្រុមហ៊ុនភ្នាក់ងារទេសចរណ៍នោះក៏បានសម្តែងការសុំទោស និងយល់ព្រមកែសម្រួលឡើងវិញ ដោយកែពីពាក្យ VIETNAM ទៅជាពាក្យ SOUTHEAST ASIA វិញ៕

ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia