ក្រសួងសុខាភិបាល៖ គិតចាប់ពីដើមឆ្នាំមកដល់ខែកញ្ញានេះ អ្នកធ្វើតេស្ដរកវីរុសកូវីដ១៩ សរុបប្រមាណជាង ១២ម៉ឺននាក់
cily sok September 22, 2020 at 3:47 pm
facebook

(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ បានថ្លែងថា គិតចាប់ពីមានការផ្ទុះឡើងនៃជំងឺកូវីដ១៩លើកសកលលោក នៅកម្ពុជាបានធ្វើតេស្ដរកមេរោគកូវីដ១៩ ដល់អ្នកជំងឺកូវីដ និងអ្នកជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោល សរុបចំនួន ១២៤,០០០នាក់ហើយ។

លោកស្រីរដ្ឋលេខាធិការ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះទៀតថា «ក្នុងចំណោម ១២៤,០០០នាក់ គឺគិតចាប់ពីខែមករា ដល់ខែ២១ខែកញ្ញាម្សិលមិញនេះ»។

លោកស្រីវេជ្ជបណ្ឌិត ថ្លែងបញ្ជាក់ទៀតថា «ក្នុងចំណោមអ្នកធ្វើតេស្ដរកមេរោគកូវីដ១៩ ជាង១២ម៉ឺននាក់ គឺបានធ្វើតេស្ដនៅមន្ទីរពិសោធន៍នៅវិទ្យាស្ថានប៉ាស្ទ័រចំនួនប្រមាណជិត ៨ម៉ឺននាក់ និងនៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានសុខភាពសាធារណៈប្រមាណ៥ម៉ឺននាក់»។

ចំពោះអ្នកដំណើរពីក្រៅប្រទេសចំនួន ៥៣,៨១៥នាក់ហើយ ដែលត្រលប់ចូលមកកម្ពុជា និងបានធ្វើតេស្ដរួចរាល់ បើគិតចាប់ពីកម្ពុជាអនុញ្ញាតឱ្យជនបរទេសមកពីប្រទេសចំនួន៦ ដែលហាមចូលកន្លងមក អាចចូលមកកាន់ប្រទេសជាធម្មតាវិញចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។ ក្នុងនោះ រកឃើញ១៤៧នាក់ វិជ្ជមានកូវីដ១៩ ក្នុងចំណោមអ្នកឆ្លងសរុប ចំនួន ១៧៥នាក់នៅកម្ពុជា បើគិតត្រឹមព្រឹកនេះ។

លោកស្រីរដ្ឋលេខាធិការ បានថ្លែងបន្ដថា អ្នកជំងឺកូវីដ១៩នៅកម្ពុជាកន្លងមក សុទ្ធសឹងតែជាករណីនាំចូលពីក្រៅប្រទេស ដូច្នេះត្រូវតែខិតខំប្រឹងប្រែងរួមគ្នា ធ្វើយ៉ាងម៉េចកាត់បន្ថយកុំឱ្យមានការចម្លងពីខាងក្រៅ បើមានករណីនាំចូលកូវីដ១៩នេះ ត្រូវរកឱ្យឃើញភ្លាម ហើយយកមកព្យាបាលនៅមន្ទីរពេទ្យភ្លាម ហើយនឹងតាមដានរកអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោល យកមកធ្វើតេស្ដ និងចត្ដាឡីស័ក។

លើសពីនោះ លោកស្រីបន្ដថា «មន្ដ្រីសុខាភិបាលយើង នៅតែបន្ដរឹតបន្ដឹងវិធានសុខាភិបាលដែលមានជាធរមាន ដោយអនុវត្ដនៅគ្រប់ច្រកចេញចូលទាំងអស់ ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ ដូច្នេះមន្ដ្រីឆ្លើយតបរហ័ស និងមន្ដ្រីចត្ដាឡីស័កនៅតែអនុវត្ដការងារ ២៤ម៉ោង ជារៀងរាល់ថ្ងៃ ទោះបីជាថ្ងៃឈប់សម្រាក ឬថ្ងៃបុណ្យជាតិក្ដី ក៏នៅតែប្រចាំការជាប់ជានិច្ច»។

ជាមួយគ្នានេះ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល នៅតែបន្ដទទូចដល់ប្រជាពលរដ្ឋ ចូលរួមអនុវត្ដនូវវិធានការពារជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីកុំឱ្យមានការចម្លងចូលទៅក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួនសរុប ២៧៥នាក់ (ស្រី ៥៤នាក់ និងបុរស ២២១នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៧៤នាក់ (ស្រី៥៤នាក់ និងបុរស២២០នាក់) និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន០១នាក់៕ ផ្តល់សិទ្ធដោយ៖ Freshnews