ព្រះមហាក្សត្រម៉ាឡេស៊ីបដិសេធ ការសុំចូលគាល់ពីអ្នកនយោបាយនានា ដោយសារទ្រង់មិនស្រួលព្រះកាយ, ជម្លោះនយោបាយនៅម៉ាឡេស៊ីផ្ទុះឡើងវិញ
cily sok September 25, 2020 at 5:08 pm
facebook

(គូឡាឡាំពួរ)៖ មន្ត្រីព្រះបរមរាជវាំងម៉ាឡេស៊ី នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ព្រះចៅ អាប់ឌុលឡាហ៍ ស៊ូលតង់ អាហ៍ម៉ាតើ ហ្សាហ៍ (Abdullah Sultan Ahmad Shah) នឹងមិនរាជានុញ្ញាតឲ្យនរណាម្នាក់ចូលគាល់ទ្រង់មួយសប្តាហ៍ ខណៈដែលមេដឹកនាំបក្សប្រឆាំងគឺលោក អាន់វ៉ា អ៉ីប្រាហ៊ីម (Anwar Ibrahim) ចង់ចូលគាល់ព្រះអង្គ ដើម្បីទូលសុំបង្កើតរដ្ឋាភិបាលថ្មី ដោយលោកផ្ទាល់បានអះអាងថា ទទួលបានសំឡេងគាំទ្រភាគច្រើនក្នុងសភា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២០។

នៅសប្តាហ៍នេះ លោក Anwar បានប្រកាសថា លោកបានទទួលសំឡេងភាគច្រើនពីសមាជិកសភា ដើម្បីទម្លាក់នាយករដ្ឋមន្ត្រីបច្ចុប្បន្នគឺលោក មូហ៍យីដទីន យ៉ាស់ស៊ីន (Muhyiddin Yassin) ប៉ុន្តែលោកត្រូវតែទូលបញ្ចុះបញ្ចូលព្រះមហាក្សត្រសិនថា លោកពិតជាបានទទួលបានសំឡេងគ្រប់គ្រាន់ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីប្រាកដមែន។ ដោយឡែកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីកំពុងកាន់អំណាច លោក Yassin ដែលត្រូវបានគេមើលឃើញថា មានសំឡេងគាំទ្រតិចនោះ បានច្រានចោលការអះអាងរបស់លោក អាន់វ៉ា និងបានទាមទារឲ្យលោកបង្ហាញភស្តុតាង តាមរយៈដំណើរការនៃរដ្ឋធម្មនុញ្ញ។

ភាពវឹកវរនយោបាយនៅក្នុងប្រទេសម៉ាឡេស៊ី បានកើតឡើងសាជាថ្មីម្តងទៀត និងអាចរារាំងដល់កិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច ដែលកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែជំងឺរាតត្បាត COVID-19 បន្ទាប់ពីសង្គ្រាមដណ្តើមអំណាចបាន អូសបន្លាយអស់រយៈពេល ០៧ខែ ដែលធ្វើឲ្យលោក Muhyiddin ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី និងស្ងប់ស្ងាត់បានតែមួយរយៈនោះ។

ព្រះមហាក្សត្រម៉ាឡេស៊ីបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងព្រះរាជកិច្ចសម្របសម្រួលនយោបាយម៉ាឡេស៊ី ដោយសារតែព្រះអង្គអាចតែងតាំងនាយករដ្ឋមន្ត្រី ដែលជាអ្នកទទួលបានសំឡេងភាគច្រើននៅក្នុងសភា។ លើសពីនេះព្រះអង្គក៏មានសិទ្ធិរំលាយសភា និងបង្គាប់ឲ្យមានការបោះឆ្នោត តាមការទូលស្នើពីសំណាក់នាយករដ្ឋមន្ត្រីផងដែរ។ មន្ត្រីសម្របសម្រួលព្រះរាជវាំងលោក អាហ៍ម៉ាត់ ហ្វាទីល ហ្សាមស៊ូដទីន (Ahmad Fadil Shamsuddin) បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ព្រះមហាក្សត្រត្រូវបានក្រុមវេជ្ជបណ្ឌិតទូលសុំ ឲ្យទ្រង់គង់នៅមន្ទីរពេទ្យរយៈពេល ០៧ថ្ងៃ​ដើម្បីធ្វើការត្រួតពិនិត្យព្រះរាជសុខភាពបន្ថែម ដោយសារតែទ្រង់មិនស្រួលក្នុងព្រះកាយ ដូច្នេះពេលនេះព្រះអង្គមិនអាចចូលរួម ក្នុងការប្រជុំណាមួយបានឡើយ។

គួរបញ្ជាក់ថា លោក អាន់វ៉ា បានគ្រោងនឹងចូលគាល់ព្រះមហាក្សត្រ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប៉ុន្តែត្រូវបានលុបចោលវិញ។ រហូតមកដល់ពេលនេះ មិនទាន់មានគណបក្សនយោបាយធំៗ ណាមួយចេញមុខគាំទ្រលោកនៅឡើយទេ ប៉ុន្តែមេដឹកនាំគណបក្សរួបរួមជាតិម៉ាឡេស៊ី (UMNO) ដែលជាគណបក្សធំជាងគេ នៅក្នុងសម្ព័ន្ធបក្សកាន់អំណាចបានឲ្យដឹងថា សមាជិកមួយចំនួនបានសម្តែងការគាំទ្រ ចំពោះលោក អាន់វ៉ា៕ ផ្តល់សិទ្ធដោយ៖ Freshnews