អ្នកស្រី ពាន់ ភួងបុប្ផា បញ្ចប់អាជីពជាផលិតករភាពយន្តត្រឹមរឿង «ស្នាដៃដឹកនាំរឿង ស្មាមស្នេហ៍សមុទ្ររាម វគ្គទី២» នេះហើយ!
cily sok October 3, 2020 at 2:35 pm
facebook

(ភ្នំពេញ)៖ ផលិតករភាពយន្តជើងចាស់ដ៏ល្បី អ្នកស្រី ពាន់ ភួងបុប្ផា បានថ្លែងបញ្ជាក់ប្រាប់មហាជនឲ្យដឹងថា ស្នាដៃផលិតភាពយន្តភាគរឿង «ស្នាមស្នេហ៍សមុទ្ររាម» វគ្គទី២នេះ គឺជាស្នាដៃចុងក្រោយ របស់អ្នកស្រីក្នុងការផលិតរឿងភាគ បន្ទាប់ពីអ្នកស្រីអះអាងថា មានវ័យកាន់តែចាស់ ភាពនឿយហត់កាន់តែច្រើន និងចង់សម្រាកឲ្យបានច្រើន ខណៈដែលរឿងខ្នាតធំ ក៏មានការកាត់បន្ថយក្នុងការផលិតផងដែរ។

ថ្លែងប្រាប់ Fresh News Plus នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ អ្នកស្រី ពាន់ ភួងបុប្ផា បានបញ្ជាក់ថា រយៈពេល៣២ឆ្នាំកន្លងមកនេះ អ្នកស្រីបានប្រឡូកនៅក្នុងការដឹកនាំភាពយន្ត បានជាច្រើនរឿងមកហើយ ទាំងរឿងភាគ និងរឿងដុំ។ ឆ្លងកាត់នូវបទពិសោធន៍ជាច្រើន អ្នកស្រីទទួលបាននូវការគាំទ្រពីសំណាក់អ្នកសិល្បៈ ផលិតករដូចគ្នា និងទស្សនិកជនទូទាំងប្រទេស នូវការដឹកនាំសម្តែងភាពយន្តនីមួយៗ ក្រោយពេលដាក់បញ្ចាំង តាមបណ្តារោងភាពយន្ត និងទូរទស្សន៍។ រហូតមកដល់ពេលនេះ ទោះបីជាវ័យកាន់តែជ្រេរទៅហើយក្តី ក៏អ្នកស្រីនៅតែមានចិត្តស្រឡាញ់ ចង់បន្តផលិតភាពយន្តឲ្យបានច្រើន ប៉ុន្តែកត្តាសុខភាព និងកត្តាវ័យរបស់ខ្លួន បានធ្វើឲ្យអ្នកស្រីចង់សម្រាកឲ្យបានច្រើន។

អ្នកស្រី ពាន់ ភួងបុប្ផា បានបញ្ជាក់ថា ការផលិតភាពយន្តនីមួយៗ មិនមែនជារឿងងាយស្រួលនោះទេ ពោលគឺមានឧបសគ្គច្រើនណាស់ និងត្រូវការធនធាននៅក្នុងវិស័យសិល្បៈ ឲ្យមានកិច្ចសហការគ្នា ការតស៊ូអត់ធ្មត់ ជាចាំបាច់ គ្រប់កាលៈទេសៈ។ ផលិតករភាគច្រើនបានប្រឹងប្រែងតស៊ូ ទំរាំតែបានភាពយន្តមួយរឿងៗ បញ្ចាំងឲ្យអ្នកទស្សនា ហើយពេលបានទស្សនា ក៏មិនប្រាកដថា នឹងទទួលបានជោគជ័យ ឬយ៉ាងណានោះដែរ?

អ្នកស្រីបន្តថា អ្វីដែលអ្នកស្រីខំតស៊ូសព្វប្រឹងប្រែងថ្ងៃនេះ គឺដោយសារតែចិត្តនៅតែស្រឡាញ់វិស័យភាពយន្តខ្មែរ ចង់លើកស្ទួយវិស័យភាពយន្ត ចង់ទុកស្នាដៃឲ្យកូនខ្មែរជំនាន់ក្រោយបានដឹង ដើម្បីទុកជាបទពិសោធដល់អ្នកបន្តវេន ក្នុងការផលិតភាពយន្ត ទោះមិនបានដូចជាយើងផលិត គឺពួកគេអាចធ្វើបានល្អជាងយើងផងដែរ ព្រោះតែសព្វថ្ងៃបច្ចេកវិទ្យាមានលក្ខណៈកាន់តែទំនើប។

ងាកមកចាប់អារម្មណ៍នឹងខ្សែភាពយន្តភាគ រឿង «ស្នាមស្នេហ៍សមុទ្ររាម» វគ្គ២នេះវិញ ត្រូវបានអ្នកស្រី ពាន់ ភួងបុប្ផា បញ្ជាក់ថា ដោយសារតែមានការគាំទ្រ និងមានកិច្ចសហការពីស្ថានីយទូរទស្សន៍ផងនោះ ទើបធ្វើឲ្យអ្នកស្រីសម្រេចចិត្តថតរឿងភាគនេះ នូវវគ្គ២បន្ថែមទៀត ខណៈដែលវគ្គ១ មានរយៈពេល១៧ឆ្នាំទៅហើយ តែនៅមានអ្នកស្គាល់រឿងនេះច្រើន។ មិនខុសអ្វីពីវគ្គមុន ការដឹកនាំសម្តែង គឺអ្នកស្រីជាអ្នកបន្តទទួលរ៉ាប់រង ប៉ុន្តែការជ្រើសរើសតួឯក គឺថ្មីទាំងអស់ ដោយរឿងនេះ មានការចូលរួមសម្តែងដោយតារាក្មេងៗស្រករក្រោយ ដូចជាតួឯកប្រុសលោក ពៅ ពិសិដ្ឋ, ខាត់ វៃហាំង, និងតួឯកស្រីគឺ កញ្ញា អឿន រូហ្សា និងកញ្ញា សំណាង អេលីណា។

ទោះបីជាយ៉ាងណា អ្នកស្រី ពាន់ ភួងបុប្ផា បានបង្ហើបឲ្យដឹងទៀតថា រឿង «ស្នាមស្មេហ៍សមុទ្ររាម» វគ្គ២ ជាស្នាដៃចុងក្រោយ នៃជីវិតផលិតភាពយន្តភាគរបស់អ្នកស្រី ប៉ុន្តែសម្រាប់រឿងខ្នាតធំ អ្នកស្រីនៅតែផលិត ប៉ុន្តែក្នុងមួយឆ្នាំ អាចមានតែមួយរឿងប៉ុណ្ណោះ។ រឿង «ស្នាមស្មេហ៍សមុទ្ររាម» វគ្គ២ អាចនឹងដាក់បញ្ចាំងនៅអំឡុងឆ្នាំ២០២១ នៅក្នុងស្ថានីយទូរទស្សន៍ PNN ដោយមានចំនួនជាង៤០ភាគ៕​​ ផ្តល់សិទ្ធដោយ៖ Freshnews