រដូវទឹកឡើង ទឹកជំនន់សូមប្រយ័ត្នសត្វពស់ តើពេលពស់ចឹកត្រូវធ្វើដូចម្តេច? ស្វែងយល់អំពីការជួយសង្រ្គោះពេលពស់ចឹក
cily sok October 16, 2020 at 10:25 am
facebook

«រដូវទឹកឡើង ទឹកជំនន់សូមប្រយ័ត្នសត្វពស់ តើពេលពស់ចឹកត្រូវធ្វើដូចម្តេច។» ស្វែងយល់អំពីការជួយសង្រ្គោះពេលពស់ចឹក!!! ពស់ចឹកនៅតែជាគ្រោះថ្នាក់មួយដែលគេជួបប្រទះជារឿយៗ ជាពិសេសនៅតំបន់ស្រែចម្ការខ្មែរយើង។ ថ្វីបើដំបូងឡើយស្នាមខាំជារបួសតូចបន្តិចបន្តួច តែក្នុងករណីខ្លះវាអាចបណ្តាលជាជំងឺធ្ងន់ធ្ងរភ្លាមៗ និងអាចបណ្តាលឲ្យស្លាប់ផងក៏មាន។

ក) ប្រភេទពស់ពិស៖
ក្នុងចំណោមពស់ប្រមាណជិត ៦០ប្រភេទ ដែលគេស្គាល់ក្នុងប្រទេសកម្ពុជា ក្រុមអ្នកជំនាញខាងសត្វពស់បានសំគាល់ឃើញថា មានពស់ពិស១២ ប្រភេទ ជាមូលហេតុបង្ករឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។
ក្នុងនោះពស់៦ ប្រភេទដែលបង្ករគ្រោះថ្នាក់ញឹកញាប់ដោយសារវារស់នៅជិតៗភូមិដ្ឋានយើងមានៈ
– ពស់វែកក្របី
– ពស់វែកដំបូក
– ពស់ហនុមាន
– ពស់ក្រាយឬថ្នាំងអំពៅសខ្មៅ
– ពស់បៃតង ២ប្រភេទទៀត
មាន ៥ ប្រភេទទៀតវាច្រើនរស់នៅក្នុងព្រៃឆ្ងាយពីភូមិៈ
– ពស់វែករនៀម
– ពស់ពព្លាក់
– ពស់ស្រកាចាស
– ពស់ក្រាយ លឿងខ្មៅ
– ពស់ក្រាយក្បាលក្រហម
ពស់ទី១២ គឺពស់សមុទ្រ ដែលអាចបង្ករគ្រោះថ្នាក់ដល់អ្នកនេសាទសមុទ្រ។
ខ) ថ្នាំបន្សាបពិស៖
ថ្នាំបន្សាបពិសពស់ជាថ្នាំដែលធ្វើចេញពីឈាមសត្វសេះ។ ប្រសិនបើប្រើត្រឺមត្រូវវាមានប្រសិទ្ធភាពណាស់ អាចជួយជិវិតមនុស្សបានច្រើន ក៏ប៉ុន្តែវាជាថ្នាំដែលអាចបង្ករឲ្យមានគ្រោះថ្នាក់ដែរជាពិសេសគឺប្រតិកម្មជាមួយសារធាតុដែលកើតមានក្នុងឈាមសត្វសេះ។ ប្រសិនបើគ្មានមធ្យោបាយជួយសង្គ្រោះត្រឹមត្រូវទេ ប្រត្តិកម្មនេះក៏អាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតផងដែរ។
គ) ការធ្វើរោគវិនិច្ឆ័យ៖
ថ្វីបើក្រោយពេលមានសត្វខាំ ស្នាមចង្កូម ២ ភាគច្រើនជាសញ្ញានៃពស់មានពិស គ្រូពេទ្យមិនអាចវិនិច្ឆ័យប្រភេទពស់បានភ្លាមៗទេ គឺត្រូវការពិនិត្យតាមដានរោគសញ្ញាមួយចំនួនមុននឹងសម្រេចប្រើថ្នាំបន្សាបពិស។ ដោយហេតុនេះ គ្រូពេទ្យតែងចង់ដឹងថា
១. តើសត្វខាំនោះជាពស់ឬមិនមែនពស់?
២. បើជាពស់ តើពស់មានពិសឬពស់គ្មានពិស?
៣. បើជាពស់មានពិស តើការខាំនោះមានបញ្ចូលពិសវាទៅក្នុងខ្លួនអ្នករងគ្រោះឬទេ?
ឃ) រោគសញ្ញា និងការព្យាបាល៖
ជាការពិតថ្នាំបន្សាបពិសពស់មានប្រសិទ្ធភាពតែក្នុងករណីមានពិសពស់ចូលក្នុងខ្លួនមនុស្ស ហើយពិសនោះនៅមានសកម្មភាព។ មានសញ្ញា ឬ អាការៈមួយចំនួនដែលគ្រូពេទ្យតាមដានស្វែងរក ហើយវត្តមានរបស់វាតម្រូវឲ្យប្រើថ្នាំបន្សាបពិសភ្លាម ទោះដឹងថាវាអាចមានប្រតិកម្មកើតឡើងក្តី។ សញ្ញាទាំងនោះមានដូចជាៈ
– ធ្លាក់ត្របកភ្នែកដូចងងុយដេក
– រឹងមុខមាត់ពិបាកនិយាយស្តី
– ទន់ក
– ជើងដៃចេះតែកន្រ្តាក់តិចៗ
– ពិបាកដកដង្ហើមជាសញ្ញាចុងក្រោយ ដែលត្រូវព្យាបាលជាបន្ទាន់។
សញ្ញាផ្សេងទៀតដែលត្រូវប្រើថ្នាំជាបន្ទាន់ដែរមានៈ
– កន្លែងដែលពស់ខាំ រាលដាល (ឡើងហើម ក្រហម ) លឿន
– មានចេញពងទឹកដូចរលាកភ្លើង
– មានចេញស្នាមជាំលើខ្លួន
– ដំបៅហូរឈាមមិនឈប់
– ឡេះឡះ
– គ្មានទឺកនោម ជាដើម ។
សញ្ញាខាងលើនេះសុទ្ធតែជាសញ្ញានៃអាការៈ ដែលធ្ងន់ធ្ងរអាចគ្រោះថ្នាក់ដល់ជីវិត ក៏ប៉ុន្តែថ្នាំបន្សាបពិសប្រើទាន់ពេលវេលាអាចជួយជីវិតបាន។
ចំណុចមួយទៀតដែលជួយជីវិត គឺវិធីដែលអាចពន្យាពេលកុំឲ្យពិសចូលទៅក្នុងប្រព័ន្ធឈាមរត់លឿនពេក ក្នុងគោលបំណងនេះ ក្រោយត្រូវពស់ខាំភ្លាម គប្បីទប់អបអវៈយវៈដែលរងការខាំនោះកុំឲ្យសាច់ដុំកន្ត្រាក់ខ្លាំង។
ឧទាហរណ៏ៈ ប្រសិនបើជើងត្រូវពស់ខាំ ការខំប្រឹងរត់ឬដើរនឹងនាំឲ្យពិសកាន់តែឆាប់ចូលដល់ប្រព័ន្ធឈាមរត់ នឹងឆាប់ចេញរោគសញ្ញានៃពិស។ ក្នុងករណីនេះគេគប្បីរកអ្នកជួយគ្រាឬសែងទៅរកកន្លែងសង្គ្រោះឬមន្ទីរពេទ្យ។
សំគាល់៖ វិធីមួយចំនួនដែលធ្លាប់អនុវត្តពីមុនមក ភាគច្រើនឲ្យគុណវិបត្តិជាងឲ្យផលប្រយោជន៏ដូចជាៈ
– ការចងរឹតពីខាងលើរបួសៈ ភាគច្រើនវាអាចបណ្តាលឲ្យផ្នែកខាងក្រោមចំណងខ្វះឈាមទៅចិញ្ចឹមនិងត្រូវស្លាប់ ដែលជារឿយៗតម្រូវឲ្យកាត់ចោលដើម្បីសង្គ្រោះជីវិត។
– ការវះបើកមុខកន្លែងស្នាមខាំក្នុងបំណងឲ្យពិសហូរចេញវិញ ជួនកាលបណ្តាលឲ្យហូរឈាមមិនឈប់និងបាត់បង់ឈាមជាច្រើន រហូតដល់សភាពស្ហុក។
– ការបឺតជញ្ជក់កន្លែងខាំក៏មិនអាចបឺតយកពិសចេញបានដែរ។
– កន្លែងមានរបួសជាទីដែលប្រព័ន្ធការពារលើស្បែកយើងត្រូវមានចន្លោះប្រហោងអាចឲ្យមេរោគផ្សេងៗចូលបានយ៉ាងងាយ ដូចនេះការដាក់បំពោកនូវវត្ថុផ្សេងៗ ឬថ្នាំដែលមិនស្អាតអាចបន្ថែមមេរោគនឹងធ្វើឲ្យដំបៅក្លាយ។
ឃ) ចំនុចគួរចងចាំ និងអនុវត្ត៖
– ថ្នាំប្រឆាំងពិសពស់ជាឱសថដ៏សំខាន់ តែវាអាចបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរបានដែរ។
– ថ្នាំពិសពស់ ១ដប អាចប្រើសម្រាប់បន្សាបពិសក្រុមពស់ណា១ ដែលកបនឹងថ្នាំនោះ មិនមែនពស់គ្រប់ប្រភេទទេ។
– ថ្នាំពិសពស់មានផលប្រយោជន៏ និងប្រសិទ្ធភាពតែកាលណាមានពិសពស់ក្នុងខ្លួនជនរងគ្រោះ ជាពិសេសក្នុងរបត់ឈាម។
– គ្រប់ករណីពស់ចឹកឬសង្ស័យថាពស់ចឹកមិនសុទ្ធតែចាំបាច់ត្រូវចាក់ថ្នាំបន្សាបពិសទេ។
– បើមានពស់ខាំ មុនមកដល់មន្ទីរពេទ្យ គប្បីទប់អបអវៈយវៈដែលរងរបួសនោះកុំឲ្យវាមានចលនាខ្លាំង។ មិនត្រូវចងរឹតតឹងពីខាងលើ ឬ វះបង្ហូរឈាម ឬ បឺតឈាមទេ ព្រោះវានាំឲ្យខាតពេលនិងអាចមានគ្រោះថ្នាក់។
– ប្រសិនបើប្រាកដជាពស់ខាំ ត្រូវប្រញាប់មកមន្ទីរពេទ្យដែលមាន ហើយអាចប្រើថ្នាំបន្សាបពិសដោយសុវត្ថិភាពបាន។
– ក្នុងករណីមានសញ្ញាពិសក្នុងខ្លួនជនរងគ្រោះ ក្រុមគ្រូពេទ្យនឹងវិនិច្ឆ័យប្រភេទក្រុមពស់ដែលបង្ករហេតុ ដើម្បីត្រូវប្រើថ្នាំបន្សាបឲ្យត្រូវនឹងក្រុមពស់។ ក្រោយកំណត់បានហើយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត នឹងរៀបចំត្រៀមមធ្យោបាយសម្រាប់ព្យាបាលករណីមានប្រតិកម្មជាយថាហេតុ និងប្រើប្រាស់ថ្នាំបន្សាបពិស ដោយចាក់តាមសរសៃវ៉ែនផ្ទាល់ឬលាយជាមួយសេរ៉ូម។ ជួនកាលគ្រូពេទ្យត្រូវប្រើប្រាស់មធ្យោបាយផ្សេងៗទៀត ដូចជាម៉ាស៊ីនដកដង្ហើម អុកស៊ីហ្សែន ថ្នាំជំនួយបេះដូង ឬការប្រើផលិតផលឈាម ឬការបង្រប់ជាតិទឹក ជាដើមរួមផ្សំជាមួយ រហូតដល់ថ្នាំព្យាបាលពិសមានប្រសិទ្ធភាព និងដើម្បីជួយជីវិតបាន។
Source : Calmete Hospital / ប្រភព៖ Khmer Note