ជប៉ុន គ្រោងបង្ហូរទឹកផ្ទុកកាកសំណល់វិទ្យុសកម្ម ចូលទៅក្នុងមហាសមុទ្រ ដោយត្រូវបានមហាជនទាំងក្នុង និងក្រៅស្រុកប្រតិកម្ម
cily sok October 16, 2020 at 10:55 am
facebook

(តូក្យូ)៖ រឿងរ៉ាវដែលបានបង្កភាពចម្រូងចម្រាសទាំងនៅក្នុងប្រទេស និងក្រៅប្រទេស អំពីការចាត់ចែងទឹកផ្ទុកកាកសំណល់វិទ្យុសកម្មកម្រិតទាប ពីតំបន់រោងចក្រនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ា (Fukushima) នឹងមានច្រកចេញហើយ ដោយអាជ្ញាធរជប៉ុនអាចនឹងសម្រេច បង្ហូរទឹកទាំងនោះចូលក្នុងសមុទ្រ។ នេះបើតាមការចេញផ្សាយដោយ AFP ដកស្រង់ពីសារព័ត៌មានជប៉ុន Jiji នាព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០។

បើតាមសារព័ត៌មានជប៉ុនខាងលើ សេចក្តីសម្រេចជាផ្លូវការអាចនឹងត្រូវធ្វើឡើង នៅអំឡុងខែតុលានេះតែម្តង។ ក្រុមហ៊ុនជប៉ុន Tokyo Electric ដែលកំពុងប្រឈមមុខបញ្ហានេះបានអះអាងថា ទឹកផ្ទុកកាកសំណល់វិទ្យុសកម្មក្នុងកម្រិតទាប បានកើនឡើងរហូតដល់ជាង ១លានតោនហើយ គិតចាប់តាំងពីការផ្ទុះរោងចក្រនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ា កាលពីឆ្នាំ២០១១ ដោយសារតែការរញ្ជួយផែនដី និងរលកយក្សស៊ូណាមិនោះ។ បើតាម Tokyo Electric បានគណនាថា ទីតាំងស្តុកទឹកនឹងលើសសមត្ថភាពស្តុកនៅឆ្នាំ២០២២ ខាងមុខនេះហើយ។

គួរបញ្ជាក់ថា កាលពីដើមឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុន និងក្រុមជំនាញបានធ្វើការពិនិត្យឡើងវិញអំពី ចំណាត់ការដែលត្រូវធ្វើ ចំពោះទឹកផ្ទុកកាកសំណល់ដែលចេះតែមានចំនួនកើនឡើង។ ទោះបីជាសំណល់វិទ្យុសកម្មទាំងនោះ ត្រូវបានក្រុមជំនាញអះអាងរួចទៅហើយថា មានកម្រិតគ្រោះថ្នាក់តិចតួចបំផុត ឬស្ទើរតែមិនអាចបង្កផលប៉ះពាល់ក៏ដោយ ក៏ការរិះគន់ក្នុងស្រុកនៅតែកើតមានឡើង។ ដោយឡែកប្រទេសកូរ៉េខាងត្បូង និងចិន ក៏ធ្លាប់បញ្ចេញប្រតិកម្មចំពោះចេតនាជប៉ុន ដែលចង់បង្ហូរទឹកកាកសំណល់ខាងលើនេះ ចូលទៅក្នុងសមុទ្រផងដែរ៕​ ផ្តល់សិទ្ធដោយ៖ Freshnews