ប្រធានាធិបតីបារាំងសន្យាថា រដ្ឋាភិបាលនឹងថ្កោលទោសចំពោះអំពើភេរវកម្មមួយនេះ ក្រោយការកាត់ក្បាលគ្រូបង្រៀនម្នាក់ នៅជាយទីក្រុងប៉ារីស
cily sok October 17, 2020 at 11:11 am
facebook

(ប៉ារីស)៖ ប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) នៅថ្ងៃសុក្រសប្តាហ៍នេះបានថ្កោលទោស ចំពោះអំពើឃាតកម្មដ៏ព្រៃផ្សៃបំផុត ដែលលោកផ្ទាល់បានចាត់ទុកថាជា «ការវាយប្រហារដោយអំពើភេរវកម្ម» បានបណ្តាលឲ្យគ្រូបង្រៀនម្នាក់ស្លាប់នៅជាយទីក្រុងប៉ារីស ហើយមេដឹកនាំបារាំងរូបនេះ ក៏បានអំពាវនាវឲ្យពលរដ្ឋទាំងអស់ឈរជាធ្លុងមួយ និងសន្យាថារដ្ឋាភិបាលរបស់លោក នឹងចាត់វិធានជាបន្ទាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០។

លោក Macron បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីដំណើរទស្សនៈកិច្ចទៅកាន់អនុវិទ្យាល័យមួយនៅក្នុងតំបន់ កុងហ្វ្លង់ ហ្សង់ អូណីនែន (Conflans-Sainte-Honineine) មួយម៉ោងបន្ទាប់ពីគ្រូបង្រៀនមា្នក់ត្រូវបានធ្វើឃាត ខណៈដែលគាត់កំពុងបង្រៀនសិស្ស អំពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ លោកប្រធានាធិបតីបារាំងបានបញ្ជាក់បន្ថែមថា ភេរវករដែលបានសម្លាប់គ្រូបង្រៀនរូបនោះ ដោយសារតែពួកគេចង់បំផ្លាញសាធារណរដ្ឋ… បំផ្លាញលទ្ធភាពនៃការធ្វើឲ្យមនុស្សជំនាន់ក្រោយ យល់ដឹងអំពីសេរីភាព។ ប្រធានាធិបតីរូបនេះ បានសង្កត់ធ្ងន់ថា ក្រុមភេរវករនឹងមិនបំបែកប្រទេសបារាំងបានឡើយ។

តាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថា ជនរងគ្រោះគឺជាគ្រូបង្រៀនប្រវត្តិសាស្រ្តអាយុ ៤៧ឆ្នាំ ដែលត្រូវបានគេរាយការណ៍ថា លោកគ្រូរូបនេះបានបង្ហាញគំនូរជីវចលព្យាការីមហាម៉ាត់ ដោយអ្នកគោរពសាសនាអ៉ីស្លាមចាត់ទុកថា «ជាការប្រមាថ» ហើយបន្ទាប់មករូបគាត់ត្រូវបានសម្លាប់ ដោយកាត់ក្បាលតែម្តង។ ជនសង្ស័យដែលបង្ករឿងនេះមានអាយុ ១៨ឆ្នាំ ត្រូវបានប៉ូលិសល្បាតប្រទះឃើញ នៅក្នុងតំបន់នោះជាមួយនិងកាំបិតជាភស្តុតាង។ តាមសេចក្តីរាយការណ៍ ជនដៃដល់រូបនោះបានស្រែកថា «ព្រះជាម្ចាស់អស្ចារ្យណាស់» មុនពេលបើកការវាយប្រហារ។ ប្រព័ន្ធផ្សព្វផ្សាយខាងលើបានរាយការណ៍ទៀតថា ប៉ូលិសបានបាញ់សម្លាប់ជនដៃដល់ ក្រោយពីជននោះបានតដៃ និងមិនព្រមឲ្យចាប់ខ្លួន។

គួរបញ្ជាក់ថា កាលពីដើមខែសីហា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ហ្គែរ៉ាល់ ដាម៉ាណង់ (Gerald Darmanin) បានកត់សំគាល់ថា ហានិភ័យនៃការវាយប្រហារភេរវកម្មនៅក្នុងប្រទេសបារាំង នៅតែមានកម្រិតខ្ពស់បំផុត ដោយសារតែមនុស្សសរុបចំនួន ៨,១៣២នាក់ ត្រូវបានចុះឈ្មោះក្នុងបញ្ជីនៃការព្រមានថ្នាក់ជាតិ ចំពោះភាពជ្រុលនិយមផ្នែកសាសនា៕ ផ្តល់សិទ្ធដោយ៖ Freshnews