គួរយល់ដឹង! ប្រាសាទអង្គរវត្ត អច្ឆរិយបុរាណដ្ឋានរបស់កម្ពុជា និងពិភពលោក
cily sok October 19, 2020 at 11:45 am
facebook

(សៀមរាប)៖ ប្រាសាទអង្គរវត្ត ឬប្រាសាទអង្គរតូច មានឈ្មោះដើមថា «ព្រះបរមវិស្ណុលោក» ដែលជាព្រះបច្ឆាមរណនាមរបស់ព្រះបាទសូរ្យវរ្ម័នទី២ ដែលព្រះអង្គបានសាងសង់ប្រាសាទនេះឡើងនៅដើមសតវត្សរ៍ទី១២ ស្ថិតនៅក្នុងរាជធានីយសោធរបុរៈ ចាប់ពីគ្រិស្ដសករាជន១១១៣-នាំ១១៥០។

ប្រាសាទនេះតំណាងឱ្យភ្នំព្រះសុមេរុ ឧទ្ទិសចំពោះព្រះបរមវិស្ណុ ក្នុងព្រហ្មមញ្ញសាសនា តែក្រោយមកប្រែក្លាយជាបូជនីយដ្ឋានព្រះពុទ្ធសាសនា ហើយត្រូវបានគេចាត់ទុកថាជាសំណង់សាសនាដ៏ធំជាងគេនៅលើលោក។

ប្រាសាទអង្គរវត្តដែលអង្គការយូណេស្កូបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២មានចំនុចពិសេសៗជាច្រើន រួមមានជានិម្មិតរូបនៃអត្តសញ្ញាណជាតិខ្មែរ តាមរយៈរូបប្រាសាទត្រីសូល៍លើទង់ជាតិខ្មែរ។

មានព្រះអាទិត្យរះចំកណ្តាលប្រាង្គប្រាសាទអង្គរវត្តមួយឆ្នាំ២ដង នៅថ្ងៃទី២១/២២ ខែមីនា និងថ្ងៃទី២២/២៣ ខែកញ្ញា ហៅថា សមរាត្រី (ស្មើយប់/ស្មើថ្ងៃ)។

ជាកន្លែងទស្សនាថ្ងៃរះដ៏ស្រស់ស្អាតនិងទាក់ទាញទេសចរបំផុត។ មានអ្នកតាដ៏ពូកែស័ក្តិសិទ្ធិនៅច្រកទ្វារទាំង៤ ដូចជាតារាជ្យ តាពេជ្រ គោកគូ និងគោកតាឡឹក ដែលប្រជាជនខ្មែរគោរពបូជាបំផុត។

ស្រះប្រុស (ខាងត្បូង) ស្រះស្រី (ខាងជើង) ជាកន្លែងទេសចរចូលចិត្តផ្តិតរូបភាពដ៏ស្រស់ស្អាតចាំងឆ្លុះកំពូលប្រាសាទអង្គរវត្តនៅក្នុងទឹកស្រះ ហើយក្នុងជំនឿ ស្រះទាំងគូនេះ គឺជាទឹកសម្រាប់បន្សុទ្ធមនុស្សមុនចូលទៅកាន់ទីដ៏ខ្ពង់ខ្ពស់ គឺភ្នំព្រះសុមេរុ។ បច្ចុប្បន្នស្រះទាំងនេះជាកន្លែងស្រាវជ្រាវបុរាណវិទ្យាដ៏សម្បូរបែប និងពេញដោយអាថ៌កំបាំង។

សំណង់ស្ថាបត្យកម្មដ៏ល្អវិចិត្រនៃប្រាសាទអង្គរវត្តធ្វើឱ្យពិភពលោកស្គាល់កម្ពុជា វប្បធម៌ ប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ ប្រពៃណី ប្រាង្គប្រាសាទ ទំនាក់ទំនងបរទេស ទេសចរ អ្នកវិនិយោគទុន និងអ្នកសិក្សាស្រាវជ្រាវគ្រប់ជាតិសាសន៍លើពិភពលោកមកកាន់ទីនេះ។

តាមថែវប្រាសាទមានឆ្លាក់ទេវកថារឿងមហាភារតយុទ្ធ រាមកេរ្តិ៍ ឈុតកូរសមុទ្រទឹកដោះ រឿងរ៉ាវប្រវត្តិសាស្ត្រ ស្នាព្រះហស្ថព្រះមហាក្សត្រខ្មែរល្បី និងអប្សរារាប់ពាន់ លម្អដោយក្បូរក្បាច់ផ្សេងៗគ្នាយ៉ាងរស់រវើក។

យោងតាមសិលាចារឹកនៅប្រាសាទអង្គរវត្តត្រូវបានគេចាត់ទុកជាប្រាសាទផង និងជាចេតិយផង ទាំងរាស្រ្ត ទាំងរាជវង្សានុវង្សនាសម័យនោះបានមកសំពះព្រះធ្វើបុណ្យ ប្រោសខ្ញុំ និងធ្វើសច្ចាប្រណិធាន។

ប្រវត្តិចេតិយជ័យនន្ទដែលសង់នៅខាងកើតប្រាសាទអង្គរវត្ត យោងតាមសិលាចារឹកលោក គឺជាឧត្តមមន្រ្តីមួុយរូបបម្រើការក្នុងរាជវាំងឧដុង្គ ដោយបានរៀបរាប់ពីទុក្ខសោករបស់ខ្លួនដែលបាត់បង់ប្រពន្ធ និងកូន ព្រមទាំងបាននាំសាកសពមកបញ្ចុះក្នុងចេតិយនៅអង្គរវត្ត ព្រោះទីនេះជាទីខ្ពង់ខ្ពស់អស្ចារ្យ និងជាទីដែលលោកស្រលាញ់បំផុត៕​ ផ្តល់សិទ្ធដោយ៖ Freshnews

សូមចូលទៅកាន់លីងនេះ៖ https://goo.gl/maps/FpkESQoNvNK6KB7R6