សែលកាត ចូលរួមជួយយុវជនក្នុងការអភិវឌ្ឍនូវជំនាញឌីជីថលដើម្បីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ ក្រោមយុទ្ធនាការ “គាំពារសុវត្ថិកុមារ ដើម្បីអនាគត”
Chan Liny October 27, 2020 at 4:31 pm
facebook

ក្រុមហ៊ុនសែលកាត មានមោទនភាពដោយប្រកាសនូវកិច្ចសហការជាដៃគូជាមួយអង្គការ Terre des HommesNetherlands (TdH-NL) ដើម្បីដាក់ឱ្យដំណើរការនូវយុទ្ធនាការថ្មី “គាំពារសុវត្ថិកុមារ ដើម្បីអនាគត”
នៅក្នុងខេត្តសៀមរាប កាលពីថ្ងៃសៅរ៍កន្លងទៅថ្មីៗនេះ (២៤ តុលា)។

យុទ្ធនាការនេះ ត្រូវបានបើកសម្ភោធដាក់ឱ្យដំណើរការនៅក្នុងសន្និសិទសារព័ត៌មានរួមគ្នាមួយ ដែលធ្វើឡើងនៅឯសណ្ឋាគារសៀមរាបប៉ាស៊ីហ្វិក ស្របគ្នានឹងព្រឹត្តិការណ៍ TdH-NL Annual Cluster Event ដែលមានការចូលរួមពីថ្នាក់ដឹកនាំយុវជនចំនួន ៣៥រូបរបស់អង្គការនេះ និងកុមារជាង ២០០នាក់ទៀត មកពីសាលារៀន និងក្លឹបនានានៅក្នុងខេត្តសៀមរាប។

គោលបំណងសំខាន់នៃការជួបជុំរយៈពេលពីរថ្ងៃនេះគឺ ដើម្បីបង្កើនជំនាញឌីជីថលរបស់កុមារ ដោយក្នុងនោះរួមមានទាំងវិធីបង្កើតមាតិកាជុំវិញបញ្ហាដែលពួកគេកំពុងប្រឈមមុខ និងការប្រើប្រាស់បណ្តាញសង្គមដើម្បីជះឥទ្ធិពលជាវិជ្ជមានដល់អ្នកដទៃ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា ក្រុមការងារផ្នែកទីផ្សាររបស់សែលកាត ពិតជាមានក្តីសោមនស្សបំផុតក្នុងការចែករំលែកនូវជំនាញរបស់ពួកគេ រួមទាំងផ្តល់ការគាំទ្រដល់យុវជន និងថ្នាក់ដឹកនាំយុវជនលើការអភិវឌ្ឍជំនាញឌីជីថល ក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីយុទ្ធនាការសុវត្ថិភាពកុមារនៅទូទាំងប្រទេសកម្ពុជាផងដែរ។

លោក Watson បានមានប្រសាសន៍ថាគំនិតផ្តួចផ្តើមស្របគ្នានឹងការផ្ញើសារកាន់តែទូលំទូលាយរបស់សែលកាតដើម្បីជួយលើកកម្ពស់អក្ខរកម្មឌីជីថល ដែលជាផ្នែកមួយនៃចក្ខុវិស័យរបស់អ្នកឧកញ៉ា​ គិត​ ម៉េង​ សម្រាប់ប្រទេសកម្ពុជាដែលមានលក្ខណៈឌីជីថលពេញលេញ។

លោក វ៉ាតសុន បានថ្លែងបន្តថា យុវជនដ៏មានទេពកោសល្យឈានមុខទាំងពីររូបរបស់សែលកាតរួមមាន កញ្ញា រ៉េត ស៊ូហ្សាណា និង ប៊ុន ឡេង បានចូលរួមគាំទ្រគំនិតផ្តួចផ្តើមនេះ តាមរយៈការរៀបចំនូវសិក្ខាសាលាតាមអនឡាញ ស្តីពីការបង្កើតមាតិកា និងការគ្រប់គ្រងបណ្តាញសង្គម។

លោក វ៉ាតសុន បានមានប្រសាសន៍ឱ្យដឹងថា៖ “យុវជនដ៏មានទេពកោសល្យទាំងពីររូបនេះ គឺមានអ្នកគាំទ្រតាមប្រព័ន្ធអនឡាញដល់ទៅជាងមួយលាននាក់ឯណោះ ពោលគឺបង្ហាញថាពួកគេអាចដើរតួជាគំរូដ៏ល្អមួយសម្រាប់យុវសិស្សខ្មែរ”។

“ក្នុងនាមជាប្រតិបត្តិករជាទីមោទនរបស់ខ្មែរ យើងនឹងចូលរួមតស៊ូមតិដើម្បីសុវត្ថិភាពកុមារ ដែលជាផ្នែកមួយនៃតួនាទីរបស់យើងក្នុងការគាំទ្រដល់សហគមន៍នៅទូទាំងប្រទេសកម្ពុជា”។

“ការផ្តល់ជូនដល់សិស្សានុសិស្សនូវជំនាញឌីជីថលដែលចំាបាច់សម្រាប់សុវត្ថិភាពតាមប្រព័ន្ធអនឡាញនេះ គឺជាមធ្យោបាយមួយដែលយើងអាចចូលរួមជួយបាន ហើយយើងក៏សូមលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ មាតាបិតា និងថ្នាក់ដឹកនាំនៅតាមសហគមន៍ទាំងអស់ ឱ្យចូលរួមគាំទ្រ ក៏ដូចជាតាមដានយុទ្ធនាការនេះទាំងអស់គ្នា”។

លោក ហេង ពុទ្ធិកា អ្នកជំនាញខាងផ្នែកលើកកម្ពស់ការយល់ដឹងរបស់អង្គការ TdH-NL បានថ្លែងឱ្យដឹងថា៖ “យើងសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនសែលកាតចំពោះការចូលរួមនៅក្នុងយុទ្ធនាការនេះ។ ការចូលរួមជាមួយវិស័យឯកជន គឺជាជំហានដ៏សំខាន់បំផុតមួយក្នុងការទទួលជ័យជម្នះលើការតស៊ូរបស់យើងដើម្បីសិទ្ធិកុមារ”។

ក្រុមហ៊ុនសែលកាត ក៏នឹងផ្តល់ស៊ីមកាតដោយឥតគិតថ្លៃ និងគម្រោង Cellcard 4U ជូនដល់ថ្នាក់ដឹកនាំក្រុមទាំង ៣៥រូប ដែលជួយសម្របសម្រួលដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការ TdH-NL នៅទីតាំងទាំង ១០។

ដើម្បីអបអរសាទរដល់ការដាក់ឱ្យដំណើរការយុទ្ធនាការ“គាំពារសុវត្ថិកុមារ ដើម្បីអនាគត”
អង្គការ TdH បានបើកដំណើរទំព័រហ្វេសប៊ុកថ្មីមួយ ដែលអ្នកអាចស្វែងរកបានតាមរយៈតំណភ្ជាប់នេះ៖ https://bit.ly/2IEZhUS

ទំព័រហេ្វសប៊ុកនេះ មានបង្ហាញជូននូវរូបស្លាកសញ្ញាយុទ្ធនាការ ដែលត្រូវបានបង្កើតឡើងដើម្បីជានិមិត្តរូបនៃបណ្តាសហគមន៍ដែលបានចូលរួមក្នុងការផ្តល់ខែលការពារដល់កុមារខ្មែរ ក៏ដូចជាជួយជម្រុញឱ្យពួកគេមានអនាគតភ្លឺស្វាង និងជោគជ័យដែលពួកគេសក្តិសមនឹងទទួលបានផងដែរ។

Terre des Hommes Netherlands គឺជាអង្គការក្រៅរដ្ឋាភិបាលជួយការពារកុមារឈានមុខគេមួយ ដែលបានបំពេញប្រតិបត្ដិការនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០០៧ មកម្ល៉េះ។ គម្រោងរបស់អង្គការនេះ គឺផ្តោតទៅលើការការពារនិងការឆ្លើយតបចំពោះការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ និងអាពាហ៍ពិពាហ៍កុមារ នៅតាមបណ្តាញអនឡាញនិងអហ្វឡាញ។ អង្គការមិនមែនរដ្ឋាភិបាលមួយនេះ តែងចូលរួមសហការជាមួយរដ្ឋាភិបាល អង្គការក្នុងស្រុក សាលារៀន និងបណ្តាសហគមន៍ជាច្រើនទៀត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិរបស់កុមារ និងហានិភ័យនៃការកេងប្រវ័ញ្ចលើកុមារ៕