បុរសម្នាក់ផឹកស្រវឹង អុកឡុកបោកសម្ភារៈអ្នកលក់ម្ជូរ និងគាស់ស្រាបៀរចាក់ចោលធ្វើប្រងើយនៅសួនមុខវត្តបុទុមតី ត្រូវបានសមត្ថកិច្ចនាំទៅសាកសួរភ្លាមៗ
cily sok October 27, 2020 at 6:05 pm
facebook

រាជធានីភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាអុកឡុកបោកសម្ភារៈអ្នកលក់ម្ជូរ និងគាស់ស្រាបៀរចាក់ចោលលេង បង្កការភ្ញាក់ផ្អើលឡើងដល់បងប្អូនប្រជាពលរដ្ឋពេញសួនច្បារមុខវត្តបទុមវតី ត្រូវបានសមត្ថកិច្ចនាំទៅស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរ ភ្លាមៗផងដែរ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង០១:៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ នៅចំណុចសួនមុខវត្តបុទុមតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់អោយ នៅមុនកើតហេតុគេឃើញបុរសខាងលើ មិនដឹងជិះអ្វីមកទេ បានទិញស្រាបៀរ៤-៦កំប៉ុង មកអង្គុយលើបង់ក្បែរកន្លែងគេផឹកស៊ី និងលក់ដូរលើសួនច្បារមុខវត្តបទុមវត្តី កន្លែងកើតហេតុខាងលើ រួចផឹកតែម្នាក់ឯង លុះផឹកអស់៣-៤កំប៉ុង ទំនងជាស្រវឹងបន្តិចហើយ គ្រាន់តែឃើញស្ត្រីម្នាក់ដែលជាអ្នកលក់ម្ជូរ បានដើរអំពាវនាវលក់ម្ជូរ ស្រាប់តែបុរសរូបនោះ ហៅអ្នកលក់ម្ជូរដើម្បីទិញហើយយកម្ជូរទាំងនោះ បោកចោលម្ដងមួយកញ្ចប់ៗ បែកខ្ចាយពេញកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលឡើងដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកអង្គុយហូបអាហារនៅជិតនោះយ៉ាងខ្លាំង ហើយក្រោយមកបុរសម្នាក់នោះ ប្រាប់ថាខ្លួនជាអ្នកទទួលខុសត្រូវ ចេញសំណងសងអ្នកលក់ម្ជូរនោះ តែបោកចោលអស់ហើយមិនទាន់ឃើញអោយលុយ ទើបនាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលចតុមុខ ដើម្បីជួយអន្តរាគមន៍ផងដែរ។

លុះពេលសមត្ថកិច្ចមកដល់បុរសរូបនោះ បែរជាទៅយកស្រាបៀរ ៣-៤កំប៉ុង មកគាស់ចាក់ចោលធ្វើព្រងើយ តែត្រូវសមត្ថកិច្ចឃាត់នាំទៅស្នាក់ការប៉ុស្តិ៍តែម្ដង។ បើតាមស្ត្រីរងគ្រោះឈ្មោះ ស្រី ម៉ៅ មុខរបរលក់គ្រឿងម្ជូរ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ បានរៀបរាប់ប្រាប់ថា មុនកើតហេតុគាត់បានមកលក់ម្ជូរនៅតាមសួនមុខវត្តបទុមវតី ដូចសព្វដង លុះដើរមកលក់ដល់ចំណុចកើតហេតុ ស្រាប់តែបុរសខាងលើហៅគាត់ទិញម្ជូរ រួចយកទៅបោកបំផ្លាញចោលទៅវិញ ដោយប្រាប់ថាចាំអោយលុយ២០ម៉ឺនរៀល តែក្រោយមកមិនឃើញអោយលុយគាត់ឡើយ ទើបបង្កការភ្ញាក់ផ្អើលឡើងតែម្ដង។ បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំខ្លួនបុរសស្រវឹងស្រានោះ ទៅស្នាក់ការប៉ុស្តិ៍នគរបាលចតុមុខ ដើម្បីសាកសួរ និងទទួលពាក្យបណ្ដឹងរបស់ស្ត្រីរងគ្រោះ ដើម្បីធ្វើការសម្របសម្រួលនិងដោះស្រាយជាក់ស្ដែង ៕ ប្រភព៖ Khmer Note