លេចលឺដំណឹងថា Galaxy S21 របស់ Samsung អាចនឹងមិនមានក្បាលឆ្នាំងសាកមកជាមួយនោះទេ
cily sok October 28, 2020 at 4:24 pm
facebook

យោងតាមសារព័ត៌បច្ចេកវិទ្យា Gadget Match បានឲ្យដឹងថា ក្រុមហ៊ុន Samsung នឹងមិនដាក់បញ្ចូលដុំសាកថ្មទូរស័ព្ទនៅក្នុងប្រអប់ទូរស័ព្ទ  Samsung S21 ឡើយ សម្រាប់ការចេញលក់ទូរស័ព្ទដៃប្រភេទនេះ នៅទូទាំងពិភពលោកនៅឆ្នាំក្រោយនេះ។ ប្រភពខាងលើបានបន្តថា ការសម្រេចចិត្តរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ ត្រូវបានធ្វើឡើងឲ្យស្របតាមដៃគូប្រកួតប្រជែងរបស់ខ្លួនដែរ គឺក្រុមហ៊ុនហ៊ុន Apple ដែលទើបនឹងបញ្ចេញលក់ទូរស័ព្ទ iPhone 12 ដោយមិនបានដាក់បញ្ចូលដុំសាកថ្មក្នុងប្រអប់ទូរស័ព្ទថ្មីនោះឡើយ ដោយមានដាក់បញ្ចូលត្រឹមតែខ្សែសម្រាប់សាកថ្មប៉ុណ្ណោះ។

សូមរម្លឹកជូនថា ការសម្រេចចិត្តមិនដាក់បញ្ចូលដុំសាកថ្មក្នុងប្រអប់ទូរស័ព្ទថ្មីនេះត្រូវ បានធ្វើឡើងក្នុងគោលបំណងធំៗចំនួន ២ គឺទី១ ដើម្បីជួយរក្សាបរិស្ថានតាមរយៈការមិនបង្កើតកាកសំណល់អេឡិចត្រូនិចថ្មីពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទ ហើយគោលបំណងទី២ នោះគឺវាបានជួយសន្សំសំចៃការចំណាយរបស់អតិថិជនចាស់ ព្រោះបើពួកគេនៅបន្តប្រើប្រាស់ដុំសាកថ្មចាស់ដែលពួកគេមានស្រាប់ មានន័យថាពួកគេមិនចាំបាច់ចំណាយលុយបន្ថែមក្នុងការទិញ ដុំសាកថ្មថ្មីបន្ថែមមួយទៀតនោះទេ៕ ប្រភព៖ Khmer Note