មិនធម្មតា! បទ «ពឺតៗ» របស់ ខេមរៈ សិរីមន្ត ស៊ីដាច់គេនៅក្នុង «TikTok» ដោយមានទាំងថៃ ទាំងឡាវ Cover ឡើងព្រោងព្រាត! (Video inside)
cily sok November 5, 2020 at 3:07 pm
facebook

(ភ្នំពេញ)៖ ប្រមាណជាមួយខែចុងក្រោយនេះ បទចម្រៀងមានចំណងជើងថា «ពឺតៗ» របស់ លោក ខេមរៈ សិរីមន្ត នៅក្នុងផលិតកម្ម រស្មីហង្សមាស បាននិងកំពុងស៊ីដាច់គេតែម្តងនៅក្នុង «TikTok» ដោយមានអ្នកធ្វើវីដេអូរាំច្រៀងតាម រហូតដល់ទៅរាប់សែនអ្នកឯណោះ។ អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ គឺ មិនត្រឹមតែល្បីនៅក្នុងស្រុកខ្មែរប៉ុណ្ណោះទេ ក្រឡេកមើលក្នុងចំណោមអ្នកដែលស្រឡាញ់ Cover វីដេអូសម្រាប់បទមួយនេះ គឺមានទាំងប្រទេសថៃ និងប្រទេសឡាវយ៉ាងច្រើន ព្រោងព្រាតនាំគ្នា Cover តាមជាបន្តបន្ទាប់ទៀតផង។

បទចម្រៀងដ៏មានប្រជាប្រិយមួយបទនេះ មិនត្រឹមតែកំពុងល្បីកក្រើកក្នុង TikTok ប៉ុណ្ណោះទេ ងាក ទៅខាង YouTube ក៏កំពុងតែប្រមូលការស្តាប់មិនជិនណាយ ដោយត្រឹមតែមួយខែរាប់ចាប់ពីថ្ងៃ ចេញ បទនេះដំបូង ពេលនេះទទួលបានចំនួននៃការចុចស្តាប់ រហូតដល់ទៅជិត ៧លានដងទៅហើយ។

បទចម្រៀងថ្មីៗរបស់ លោក ខេមរៈ សិរីមន្ត នៅក្នុងផលិតកម្មរស្មីហង្សមាស ស្ទុះឡើងខ្លាំងមិនមែនតែមួយបទនេះទេ នៅមានបទផ្សេងៗទៀតដូចជាបទ I’m Not The Gang ក៏កំពុង តែទទួលការគាំទ្រមិនធម្មតាដែរ។ យ៉ាងណាមិញបទទាំងនេះ នៅមិនទាន់ចេញជា OFFICIAL MV នៅឡើយទេ គេកំពុងតែចាំអ៊ុតមើល MV ផ្លូវការបទនេះ តើនឹងផ្ទុះខ្លាំងដល់កម្រិតណា បើត្រឹមតែចេញ ជា Audio ក៏ល្បីយ៉ាងហ្នឹងទៅហើយនោះ។

គួរបញ្ជាក់ថា កម្មវិធីទូរស័ព្ទដែលចាប់កំណើត ក្នុងរយៈពេលខ្លីតែទទួលបានការគាំទ្រហួសពីការស្មាន ដែលមាន ប្រភពដើមមកពីប្រទេសចិន គឺកម្មវិធី «TikTok» ពេលនេះកំពុងតែល្បីខ្ទរខ្ទារពេញពិភពលោក ជាពិសេស នៅក្នុងប្រទេសកម្ពុជា យើងក៏មានអ្នកប្រើប្រាស់ច្រើន ហើយក៏មានមនុស្សជាច្រើនកំពុងតែទាញប្រជាប្រិយភាព ពីមហាជនតាមរយៈ App ទូរស័ព្ទមួយនេះផងដែរ៕ ផ្តល់សិទ្ធដោយ៖ Freshnews