ខុសគ្នា ១០០ឆ្នាំ! ប្រធានាធិបតី Lincoln និង​ ប្រធានាធិបតី Kennedy មានរឿងខ្លះហាក់ដូចជាចម្លងពីគ្នា អានហើយពិតជាជក់ចិត្ត និងចម្លែក
Khmer press November 9, 2020 at 9:28 am
facebook

កាលពីយប់មិញនេះឯកឧត្តម ខៀវ កញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចែករំលែកចំណេះដឹងជាមួយនឹងរឿងអានហើយគួរឲ្យជក់ចិត្ត និងចម្លែក ពីភាពដូចជាចម្លងគ្នារវាងលោកប្រធានាធិបតី Lincoln និង​ លោកប្រធានាធិបតី Kennedy  ដោយឯកឧត្តមបានរៀបរាប់ឲ្យដឹងថា៖ ដោយថ្ងៃនេះ ជក់និយាយពីរឿងប្រធានាធិបតីអាមេរិកទៅហើយ សូមបន្តមួយភាគទៀតចុះ ។​ មានប្រធានាធិបតីអាមេរិក ២ នាក់ដែលមានរឿងហាក់ដូចជាចម្លងពីគ្នា នោះគឺលោកប្រធានាធិបតី Lincoln និង​ លោកប្រធានាធិបតី Kennedy ។ ដំបូង គឺទាំងលោក Lincoln និង​ លោក Kennedy បានចាប់ផ្តើមជីវិតជាមេបញ្ជាការនាវា ហើយ អ្នកទាំង ២ ជាកូនទី ២ ដូចគ្នានៅក្នុងគ្រួសារ ។ អ្នកទាំង ២ បានជាប់ឆ្នោតនៅឆ្នាំ ៦០ ដូចគ្នា ( លោក Lincoln ជាប់ឆ្នោតនៅឆ្នាំ ១៨៦០ ឯលោក Kennedy ជាប់ឆ្នោតនៅឆ្នាំ ១៩៦០ ) ។ អ្នកទាំង ២ មានកូន ៣ នាក់ដូចគ្នា ។

លោក Lincoln មានលេខាធិការឈ្មោះ Kennedy ឯលោក Kennedy មានលេខាធិការឈ្មោះ Lincoln​ ។ នៅពេលដែលអ្នកទាំង ២ ស្លាប់ទៅ អ្នកទទួលបន្តការងារមានឈ្មោះ Johnson ដូចគ្នា ​( Andrew Johnson & Lyndon B. Johnson) ។ ឃាតករដែលបាញ់សម្លាប់ប្រធានាធិបតីទាំង ២ នេះ មានអក្សរ ១៥ តួជាឈ្មោះ ដូចគ្នា ( John Wikes Booth & Lee Harvey Oswald ) ។ Booth បាញ់លោក Lincoln នៅក្នុងរោងមហោស្រពរួចរត់ទៅពួននៅក្នុងឃ្លាំង ឯ Oswald បាញ់លោក Kennedy ពីក្នុងឃ្លាំងហើយរត់ទៅពួននៅក្នុងរោងមហោស្រព ។ តើគួរចម្លែកទេ ?