ដូចការសង្ស័យមែន! លេចធ្លាយមុខមាត់អនាគតភរិយា តារាចម្រៀង ខេម ជាអនិកជនខ្មែរ នៅប្រទេសបារាំង
cily sok November 10, 2020 at 3:03 pm
facebook

(ភ្នំពេញ)៖ តារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra លោក ខេម ថ្មីៗនេះទើបតែធ្វើឲ្យមហាជនចាប់អារម្មណ៍គ្រប់គ្នា បន្ទាប់ពីបានប្រកាសបើកសម្ពោធភោជនីយដ្ឋានថ្លៃ២០ម៉ឺនដុល្លារអាមេរិករបស់ខ្លួន។ ទន្ទឹមគ្នានេះ អ្វីដែលគ្រប់គ្នានឹកស្មានមិនដល់ និងចាប់អារម្មណ៍ខ្លាំងគឺ នៅថ្ងៃសម្ពោធហាង ស្រាប់តែលេចធ្លាយមុខមាត់ យ៉ាងស្រស់សោភា របស់អនាគតភរិយា លោក ខេម ដែលត្រូវបានគេដឹងថា ជាអ្នករស់នៅប្រទេសបារាំង។

តារាចម្រៀងខេម បានទម្លាយប្រាប់ Fresh News Plus ថានារីរូបស្រស់ ជាអនគតភរិយាតារាចម្រៀងរូបនេះ ក៏មានវត្តមានក្នុងកម្មវិធីសម្ពោធនេះផងដែរ ហើយនាងបានធ្វើដំណើរមកពីប្រទេសបារាំងជាង១ឆ្នាំ កន្លងមកហើយ។ នារីរូបស្រស់នេះ មានឈ្មោះ ស្រីកា មុខមាត់ស្រស់សោភាខ្លាំង មិនចាញ់តារាសម្តែងឡើយ។ នាងមានសម្បុរស ច្រមុះស្រួច ស្បែកសភ្លឺថ្លាមានវ័យប្រមាណ ជិត៣០ឆ្នាំប៉ុណ្ណោះ។ ក្រៅពីមានរូបរាងស្រស់ស្អាតមិនចាញ់តារាៗនោះ នាងក៏មានអត្តចរិតរួសរាយរាក់ទាក់ គឺនាងបានដើរស្វាគមន៍ភ្ញៀវ ដែលចូលរួមកម្មវិធីខាងលើផងដែរ។ នាងទទួលបានការកោសរសើរខ្លាំង ពីមិត្តរួមអាជីពថា ក្រៅតែរកបាននារីស្រស់សោភាជាសង្សារ នាងក៏មានអត្តចរិតរួសរាយរាក់ទាក់ផងដែរ។

ជុំវិញទំនាក់ទំនងស្នេហានេះដែរ តារាចម្រៀង ខេម បានបញ្ជាក់ប្រាប់ Fresh News Plus ថា លោកបានភ្ជាប់ស្នេហ៍ជាមួយនារីម្នាក់ ដែលជាអាណិកជននៅប្រទេសបារាំង មិនមែនជាអ្នកសិល្បៈទេ ហើយការស្រលាញ់គ្នានេះអស់រយៈពេល៥ឆ្នាំ កន្លងមកហើយពោល គឺក្រោយពីលោកបានចេញទៅច្រៀងរាំនៅទីនោះ។

លោកបន្តថា នៅមិនទាន់រកពេលវេលា ដើម្បីបង្ហាញមហាជនជាសាធារណៈ ឬពេលវេលារៀបមង្គលការបើទោះបីជាច្បាស់លាស់ ជាមួយគ្នាទៅហើយក្តី។ លោកមិនមានគម្រោងចេញទៅរស់នៅប្រទេសបារាំងឡើយ ហើយការបើកដំណើរការអាជីវកម្មថ្មីនេះ នឹងជាក្លាយជាមុខរបរលំនឹងមួយសម្រាប់លោក និងអនាគតភរិយា ។

ជុំវិញការបញ្ជាក់ពីចំណងស្នេហាជាមួយនារីស្រស់សោភាព ដែលជាអនិកជនខ្មែររស់នៅប្រទេសបារាំងនៅពេលនេះ ត្រូវបានមហាជនសង្កេតឃើញថា គឺស្របគ្នាទៅនឹងការសង្ស័យ ព្រោះកន្លងមកតារាចម្រៀងប្រុស លោក ខេម បានឡើងចុះទៅកាន់ប្រទេសបារាំងជាញឹកញាប់។ ជាពិសេសការទៅប្រទេសបារាំងនោះ ត្រូវបានគេដឹងថា មិនមែនជាជាលក្ខណៈដើម្បីសម្តែង ឬចូលរួមការប្រគំតន្ត្រីតាមការអញ្ជើញរបស់អ្នកគាំទ្រនៅទីនោះទេ ពោលគឺតារាចម្រៀង ខេម ទៅកាន់ប្រទេសបារាំងកាលពីកន្លងមកនោះ ត្រូវបានគេសង្ស័យថា ដើម្បីជួបជាមួយអនាគតភរិយា ពោលគឺលោកមានគូសង្សារនៅទីនោះ។

មួយវិញទៀត ការឡើងចុះប្រទេសបារាំងជាញឹកញាប់នោះ ត្រូវបានគេសង្ស័យថា ខេម មានទំនាក់ទំនងស្នេហាជាមួយនារីនៅទីនោះ ប៉ុន្តែកន្លងមក ខេម មិនធ្លាប់បានទម្លាយពីទំនាក់ទំនងស្នេហាប្រាប់មហាជនឲ្យដឹងឡើយ ពោលលោកព្យាយាមលាក់បាំង រហូតមកទល់នឹងពេលនេះទើបលោក ព្រមទម្លាយការពិត ថាលោកពិតជាមានទំនាក់ទំនងស្នេហាជាមួយនារីអនិកជនខ្មែរនៅបារាំងពិតមែន៕ ផ្តល់សិទ្ធដោយ៖ Freshnews