Microsoft អះអាងថាក្រុម hacker កូរ៉េខាងជើង និងរុស្ស៊ីកំពុងវាយប្រហារ ស្ថាប័នស្រាវជ្រាវវ៉ាក់សាំងកូវីដ-១៩ នៅលើពិភពលោក
cily sok November 14, 2020 at 9:44 am
facebook

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Microsoft នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) បានអះអាងថា ក្រុម Hacker ធ្វើការឱ្យរុស្ស៊ី និងកូរ៉េខាងជើង បានវាយប្រហារព័ត៌មានវិទ្យា លើស្ថាប័នជាច្រើន ដែលកំពុងសិក្សាស្រាវជ្រាវវ៉ាក់សាំង និងការព្យាបាល COVID-19 នៅជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមក្រុមហ៊ុន Microsoft ក្រុម Hacker រុស្ស៊ីមានឈ្មោះថា ហ្វែនស៊ី បៀរ (Fancy Bea) រីឯក្រុម Hacker កូរ៉េខាងជើងមានឈ្មោះថា ហ្ស៊ីញ (Zinc) និង សឺរាម (Cerium) ហើយពួកគេបានលុកលុយបណ្ដាញ កុំព្យូទ័ររបស់ក្រុមហ៊ុនផលិតឱសថ និងផលិតវ៉ាក់សាំងចំនួន ០៧ នៅក្នុងប្រទេសកាណាដា, បារាំង, ឥណ្ឌា, កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
ក្រុមហ៊ុន Microsoft បានបញ្ជាក់បន្ថែមទៀតថា ការវាយប្រហាររបស់ក្រុម Hacker ទាំងនេះគឺមានគោលដៅចម្បង លើដំណើរការនៃការធ្វើតេស្ដវ៉ាក់សាំង COVID-19 ហើយការវាយប្រហារភាគច្រើនbanទទួលបរាជ័យ និងមួយចំនួន តូចប៉ុណ្ណោះបានទទួលជោគជ័យ។ ប៉ុន្តែ Microsoft មិនបានបញ្ជាក់អ្វីលម្អិតឡើយថា ក្រុម Hacker យកបានទិន្នន័យអ្វីខ្លះនោះទេ រីឯឈ្មោះស្ថាប័ន ឬក្រុមហ៊ុនរងការវាយប្រហារព័ត៌មានវិទ្យា ក៏មិនត្រូវបានបញ្ចេញនោះដែរ។

គួរបញ្ជាក់ថា ជារឿយៗការចោទប្រកាន់ខាងលើ តែងតែត្រូវបានរុស្ស៊ីច្រានចោល ខណៈតំណាងអចិន្ត្រៃយ៍កូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ មិនបានទាន់បញ្ចេញប្រតិកម្ម អ្វីទៅនឹងការអះអាងរបស់ Microsoft នៅឡើយទេ។ តែដូចគ្នានឹងរុស្ស៊ី ទីក្រុងព្យុងយ៉ាង បានច្រានចោលរាល់ការចោទប្រកាន់ដោយថា ខ្លួនមិនដែលបានដឹកនាំសកម្មភាព វាយប្រហារព័ត៌មានវិទ្យា នៅបរទេសនោះទេ៕ ផ្តល់សិទ្ធដោយ៖ Freshnews