UPDATE: ព្យុះទីហ្វុង Vamco ផ្តាច់ជីវិតប្រជាជនហ្វីលីពីនកើនដល់ ៥៣នាក់, បាត់ខ្លួន២២នាក់
cily sok November 14, 2020 at 1:48 pm
facebook

(ម៉ានីល)៖ ព្យុះទីហ្វុងវ៉ាមកូ (Vamco) ដែលបានបោកបក់មកលើប្រទេសហ្វីលីពីន ដោយបង្កឲ្យមានគ្រោះទឹកជំនន់នៅរដ្ឋធានីម៉ានីល (Manila) និងតំបន់មួយចំនួនទៀត នៅលើកោះលូហ្សូន (Luzon) បានផ្ដាច់ជីវិតមនុស្សកើនឡើងដល់៥៣នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។

Vamco គឺជាព្យុះទីហ្វុងទី៣ ដែលបានបោកបក់មកលើប្រទេសហ្វីលីពីន នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ ជាមួយកម្លាំងខ្យល់បក់រហូតដល់ ១៥៥គីឡូម៉ែត្រក្នុងមួយម៉ោង។
ព្យុះ Vamco បាននាំមកនូវខ្យល់បក់យ៉ាងសន្ធប់លាយឡំជាមួយភ្លៀងធ្លាក់ខ្លាំង ដែលបង្កឲ្យមានការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗ។ បើតាមទិន្នន័យរបស់ទីភ្នាក់ងារគ្រប់គ្រង គ្រោះមហន្តរាយហ្វីលីពីន សម្រាប់តំបន់រងគ្រោះធ្ងន់ចំនួនពីរនៅលើកោះ Luzon យ៉ាងហោចណាស់មនុស្ស ៥៣នាក់បានស្លាប់ និង ២២នាក់ផ្សេងទៀតបានបាត់ខ្លួន។​ គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា ទំនងជានឹងកើនឡើងថែមទៀត ខណៈអាជ្ញាធរហ្វីលីពីនកំពុងវាយតម្លៃលើការបំផ្លិចបំផ្លាញដោយព្យុះទីហ្វុង Vamco នេះ និង បន្តស្វែងរកអ្នកដែលបានបាត់ខ្លួន៕ ផ្តល់សិទ្ធដោយ៖ Freshnews