វៀតណាមបិទព្រលានយន្តហោះ និងឆ្នេរសមុទ្រតាមខេត្តមួយចំនួន ចំពោះមុខព្យុះទីហ្វុង Vamco ដែលជិតមកដល់
cily sok November 14, 2020 at 3:23 pm
facebook

(ហាណូយ)៖ អាជ្ញាធរវៀតណាមនៅថ្ងៃសៅរ៍នេះ បានប្រកាសបិទអាកាសយានដ្ឋានចំនួន ០៥ ព្រមទាំងឆ្នេរសមុទ្រនៅតាមខេត្តមួយចំនួន និងធ្វើការជម្លៀសមនុស្សរាប់ពាន់នាក់ផងដែរ បន្ទាប់ពីព្យុះទីហ្វុងវ៉ាមកូ (Vamco) ត្រូវបានគេព្យាករណ៍ថា នឹងរំកិលមកដល់ភាគកណ្ដាលប្រទេសនេះ នៅថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន VnExpress នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមមជ្ឈមណ្ឌលឧតុនិយមជាតិវៀតណាម គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ ព្យុះទីហ្វុង Vamco បានស្ថិតនៅចម្ងាយប្រហែល ៣៩០គីឡូម៉ែត្រពីភាគខាងកើត នៃតំបន់ឆ្នេរសមុទ្រនៅចម្លោះខេត្តដាណាង (Da Nang) និងខេត្តធួធានហឺ (Thua Thien-Hue) ជាមួយកម្លាំងខ្យល់បក់រហូតដល់ ១៦៥គីឡូម៉ែត្រក្នុងមួយម៉ោង។

មជ្ឈមណ្ឌលឧតុនិយមជាតិវៀតណាមបានអង្កេតឃើញថា ព្យុះទីហ្វុង Vamco នេះកំពុងធ្វើដំណើរឆ្ពោះទៅកាន់ភាគពាយ័ព្យ ក្នុងល្បឿន ២០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបើគិតត្រឹមម៉ោង ០៤៖០០រសៀលថ្ងៃសៅរ៍នេះ វាត្រូវបានគេរំពឹងថា នឹងស្ថិតនៅចម្ងាយប្រហែល ១៩០គីឡូម៉ែត្រប៉ុណ្ណោះពីតំបន់ឆ្នេរសមុទ្រ ព្រមទាំងនឹងធ្វើវាយប្រហារនៅតំបន់ចន្លោះខេត្ត ហាទិញ (Ha Tinh) និងខេត្ត ក្វាងណាម (Quang Nam) ជាមួយនឹងកម្លាំងខ្យល់បក់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង នៅថ្ងៃអាទិត្យខាងមុខនេះ។

ចន្លោះពីថ្ងៃសៅរ៍សប្ដាហ៍នេះ និងថ្ងៃចន្ទសប្ដាហ៍ក្រោយ តំបន់នៅចម្លោះខេត្ត Ha Tinh និង Quang Nam រួមបញ្ចូលទាំងខេត្ត ក្វាងប៊ិញ (Quang Binh), ធួធានហឺ (Thua Thien-Hue), ដាណាង (Da Nang) នឹងរងការវាយប្រហារ ដោយជំនន់ទឹកភ្លៀងរហូតដល់ ៣៥០មីល្លីម៉ែត្រ ខណៈជំនន់ទឹកភ្លៀងនៅខេត្ត ងេអាន (Nghe An) នឹងអាចកើនឡើងដល់ ១៥០មីល្លីម៉ែត្រ។

ជុំវិញបញ្ហាខាងលើ អនុប្រធាននៃមជ្ឈមណ្ឌលឧតុនិយមជាតិវៀតណាម លោក ហ័ង ហ្វុកឡាម (Hoang Phuc Lam) បានមានប្រសាសន៍ថា កម្លាំងខ្យល់ព្យុះទីហ្វុង Vamco បច្ចុប្បន្ន គឺប្រៀបបានទៅដូចនឹងព្យុះទីហ្វុងកំណាច ម៉ូឡាវ (Molave) ដែលបានបោកបក់ភាគកណ្ដាលប្រទេសវៀតណាម កាលពីខែមុនដែរ ដែលវាបានបង្កឱ្យមនុស្សយ៉ាងតិច ២៣៥នាក់បានស្លាប់ និងបាត់ខ្លួន។ ហេតុដូចនេះហើយ អាជ្ញាធរវៀតណាម បានសម្រេចចិត្តប្រកាសឱ្យ បិទអាកាសយានដ្ឋាននៅខេត្តមួយចំនួន រួមមានអាកាសយានដ្ឋាននៅខេត្ត Da Nang, អាកាសយានដ្ឋាន ជូឡៃ (Chu Lai) នៅខេត្ត Quang Nam, អាកាសយានដ្ឋាន ហ្វូបៃ (Phu Bai) នៅខេត្ត Thua Thien-Hue, អាកាសយានដ្ឋាន ដុងហយ (Dong Hoi) នៅខេត្ត ក្វាងប៊ិញ (Quang Binh), និងអាកាសយានដ្ឋាន វិញ (Vinh) នៅខេត្ត Nghe An ជាការប្រុងប្រយ័ត្នទុកជាមុន។

គួរបញ្ជាក់ថា ព្យុះទីហ្វុង Vamco នេះបានបង្កឱ្យមនុស្សយ៉ាងតិច ៥៣នាក់ស្លាប់ និង ២២នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅប្រទេសហ្វីលីពីន ជាកន្លែងដែលវាបានបោកបក់មកលើកោះ លូហ្សូន (Luzon) កាលពីល្ងាចថ្ងៃពុធ និងព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕ ផ្តល់សិទ្ធដោយ៖​​ Freshnews