BREAKING NEWS – ស្ត្រីដែលបានបាត់ខ្លួនក្រោមគំនរផ្ទះលំហែកាយ ក្រោយបាក់រលំចូលក្នុងទឹក ឥលូវនេះសមត្ថកិច្ចរកសពឃើញហើយ កំពុងកាយយកចេញមកក្រៅ
Khmer press November 15, 2020 at 11:33 am
facebook

រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីចំណាស់ជាអ្នកអនាម័យប្រចាំផ្ទះថៅកែម្នាក់ បានកប់ក្រោមគំនរផ្ទះកញ្ចក់លំហែកាយ ក្រោយបាក់រលំចូលក្នុងទឹក ក្នុងបរិវេណផ្ទះវីឡាស្កឹមស្កៃមួយកន្លែងនោះ ឥលូវនេះបានរកឃើញហើយ សមត្ថកិច្ចកំពុងតែកាយយកសាកសពរបស់ស្ត្រីរងគ្រោះចេញមកខាងក្រៅ។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះបានកើតឡើងតាំងពីវេលាម៉ោង១១:៣០នាទីព្រឹក ថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ មកម្ល៉េះ ក្នុងបរិវេណផ្ទះវីឡាស្កឹមស្កៃមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងដីឡូត៍មួយកន្លែង តាមផ្លូវលំ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមសម្ដីក្រុមគ្រួសារបានបញ្ជាក់ថា ស្ត្រីរងគ្រោះមានឈ្មោះ ហ៊ុន សំបូរ អាយុ៦១ឆ្នាំ ជាកម្មករផ្នែកអនាម័យប្រចាំនៅផ្ទះថៅកែចំណុចខាងលើ ជាស្ត្រីមេម៉ាយ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។

តាមប្រជាពលរដ្ឋបានឲ្យក្រុមការងារខ្មែរណូតយើងដឹងថា កាលពីវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃសៅរិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អ្នកក្បែរខាងបានឮសូរសម្លេងប្រាវដែរ តែមិនចាប់អារម្មណ៍ នឹកគិតថាគេវាយផ្ទះចាស់ចោល ដើម្បីសង់ថ្មី ស្រាប់តែមកដល់ព្រលប់ថ្ងៃដដែល ទើបភ្ញាក់ផ្អើលថាបាក់ស្រុតរលំផ្ទះលំហែកាយ ដែលសង់កណ្ដាលស្រះទឹកព័ទ្ធជុំវិញ ជាប់ស្ត្រីជាកម្មករផ្នែកអនាម័យម្នាក់ កប់ក្រោមគំនរផ្ទះលំហែកាយនោះលិចចូលក្នុងទឹកបាត់ ។

បើតាមប្រភពពីអ្នកស្រុកផ្សេងទៀតបានឲ្យដឹងថា ហេតុការណ៍បាត់ស្រុតផ្ទះលំហែកាយចូលក្នុងស្រះនេះ គឺកើតឡើងតាំងពីវេលាព្រឹកមកម្ល៉េះ តែម្ចាស់ផ្ទះមិនទម្លាយព័ត៌មាន ព្យាយាមបិទបាំងព័ត៌មាននេះ ដោយបិទទ្វាររបងជិតសម្ងំឲ្យកម្មករ បូមទឹកចេញ ដើម្បីរកស្ត្រីរងគ្រោះ រហូតអស់លទ្ធភាពហើយ ក៏រកស្ត្រីរងគ្រោះមិនឃើញ រហូតមកដល់វេលាល្ងាចថ្ងៃដដែល ក៏ទម្លាយព័ត៌មានប្រាប់ទៅសាច់ញាតិក្នុងភូមិបានដឹង ទើបអ្នកភូមិផ្អើលឆោឡោបបួលគ្នាទៅចោមរោមមើលពេញមុខផ្ទះវីឡាកើតហេតុតែម្តង ។

តែទោះជាយ៉ាងណាក្តីទីតាំងកើតហេតុត្រូវបានម្ចាស់បិទទ្វាររបងជាប់ ក្រៅពីសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន គឺមិនអនុញ្ញាតឲ្យចូលឡើយ ហើយការងារបូមទឹករើកកាយរកស្ត្រីរងគ្រោះនៅតែបន្តអស់ច្រើនម៉ោងទៅហើយ នៅតែរកស្ត្រីរងគ្រោះមិនឃើញទៀត ។

បច្ចុប្បន្នគិតត្រឹមម៉ោង០៦:៣០នាទីព្រឹក ថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សកម្មភាពរើកកាយរកស្ត្រីរងគ្រោះនៅតែបន្ត ដោយមិនទាន់រកស្ត្រីរងគ្រោះមិនឃើញនៅឡើយ៕

ដោយ៖ បងម៉េង ខ្មែរណូត