រុស្ស៊ីអះអាងថា វ៉ាក់សាំង Sputnik V មានសមត្ថភាពទប់ទល់ វីរុសកូវីដ-១៩ទម្រង់ថ្មី ដែលត្រូវបានរកឃើញនៅអង់គ្លេស
Khmer press December 22, 2020 at 3:15 pm
facebook

(ម៉ូស្គូ)៖ ប្រធានមូលនិធិវិនិយោគដោយផ្ទាល់ (RDIF) របស់រុស្ស៊ី លោក ឃើរីល ឌីមីទ្រីវ (Kirill Dmitriev) បាននិយាយនៅថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០នេះថា វ៉ាក់សាំង Sputnik V ដែលត្រូវបានចុះបញ្ជីក្នុងប្រទេសរុស្ស៊ី កាលពីខែសីហាកន្លងទៅ មានប្រសិទ្ធភាពប្រឆាំងនឹងទម្រង់ថ្មីនៃ COVID-19 ដែលកំពុងផ្ទុះឡើងនៅចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik។

លោក Kirill Dmitriev ធ្វើការអះអាងបែបនេះ ប្រាប់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅក្នុងកិច្ចសន្ទនាតាមរយៈវីដេអូខុនហ្វេរិន។ លោក Kirill Dmitriev បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ផ្អែកលើព័ត៌មានរបស់យើង យើងក៏បានទទួលស្គាល់ផងដែរថា Sputnik V មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសថ្មីមួយ ដែលបម្លែងខ្លួនចេញពី COVID-19 ដែលត្រូវបានរកឃើញក្នុងតំបន់អឺរ៉ុប»។ លោក Dmitriev បានបន្ថែមថា Sputnik V មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសថ្មី ដូចគ្នាទៅនឹងវីរុសដែលមានស្រាប់ នៅក្រោមលក្ខខណ្ឌជាច្រើន។

គួរបញ្ជាក់ថា វ៉ាក់សាំង Sputnik V ត្រូវបានចុះបញ្ជីក្នុងប្រទេសរុស្ស៊ី កាលពីខែសីហាកន្លងទៅ ត្រូវបានអាជ្ញាធររុស្ស៊ីទទួលស្គាល់ថា «មានប្រសិទ្ធភាពលើស ៩០ភាគរយ» ក្នុងការការពារមនុស្សមិនឱ្យឆ្លង COVID-19។

កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន និងក្រុមអ្នកវិទ្យាសាស្រ្តអង់គ្លេសបានប្រកាសថា វីរុស (COVID-19) ប្រភេទថ្មីមួយត្រូវបានរកឃើញថា មានវត្តមាននៅចក្រភពអង់គ្លេស ហើយមានសមត្ថភាពឆ្លងរាលដាល លឿនជាងវីរុស COVID-19 ធម្មតារហូតដល់ ៧០ភាគរយ។

ទោះជាបែបនេះក្តី វីរុស COVID-19 ទម្រង់ថ្មីដែលមានលេខសម្គាល់ VUI-202012/01 មិនត្រូវបានទទួលស្គាល់ជាផ្លូវការថា សាហាវជាងវីរុស COVID-19 ធម្មតានោះឡើយ ខណៈការសិក្សាទៅលើវា កំពុងតែបន្តនៅឡើយ។ យ៉ាងណាក៏ដោយប្រទេសអឺរ៉ុបមួយចំនួន បានប្រកាសបិទជើងហោះហើរ និងព្រំដែនជាមួយអង់គ្លេស ជាបណ្តោះអាសន្នរួចទៅហើយ ក្រោយពីទទួលបានដំណឹងអំពីវីរុស COVID-19 ទម្រង់ថ្មីនេះ៕ ផ្តល់សិទ្ធិដោយ:Freshnews