អាចម៍ផ្កាយមួយចំនួននឹងហោះមកកៀកភពផែនដី នៅក្នុងសប្តាហ៍នេះ
Khmer press January 5, 2021 at 11:36 am
facebook

(បរទេស)៖ កាលពីចុងឆ្នាំ២០២០ អាចម៍ផ្កាយធំមួយដែលមានមុខកាត់ ២២០ម៉ែត្រទើបតែបានហោះកាត់ភពរបស់យើង ប៉ុន្តែឥឡូវអាចម៍ផ្កាយមួយទៀត ដែលធំជាងនេះទៅទៀត កំពុងឆ្ពោះមកហោះកាត់ផែនដីផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន RT នៅថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១។ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក៏មានអាចម៍ផ្កាយតូចៗចំនួន ០២ ហោះឆ្លងកាត់ក្នុងគម្លាតកៀកផែនដីផងដែរ ក្នុងនោះមួយមានមុខកាត់ ៣២ម៉ែត្រហៅថា 2021 AB ដែលបានហោះឆាបផែនដីនៅចម្ងាយ ៨៤២,០០០គីឡូម៉ែត្រ និងមួយទៀតឈ្មោះ 2012 BT1 មានមុខកាត់ ១១ម៉ែត្រ ដែលហោះកាត់ភពយើងនៅចម្ងាយ ៥.២លានគីឡូម៉ែត្រ។

ដោយឡែកនៅថ្ងៃពុធស្អែកនេះ អាចម៍ផ្កាយដែលមានមុខកាត់ ៦២ម៉ែត្រហៅថា 2021 AC នឹងហោះកាត់ផែនដីនៅគម្លាត ៣.៥លានគីឡូម៉ែត្រ។ បន្ទាប់មកទៀតគឺអាចម៍ផ្កាយធំហៅថា 2016 CO247 ដែលមានមុខកាត់ ២៧០ម៉ែត្រ គឺជិតស្មើនឹងប្រវែងប៉ម ទូអ៊ែហ្វែល (Eiffel Tower) របស់បារាំង នឹងធ្វើដំណើរកាត់ភពយើងនៅចម្ងាយ ៧.៤លានគីឡូម៉ែត្រ។ ប៉ុន្តែវាមិនទាន់អស់ទេ ដោយអាចម៍ផ្កាយមួយទៀតមានមុខកាត់ ៣២ម៉ែត្រ ហៅថា 2018 KP1 នឹងហោះកាត់ផែនដីនៅទម្លាតខ្ទង់ ៧.៤លានគីឡូម៉ែត្រដូចគ្នា។

បើតាមការកំណត់របស់អង្គការ NASA រាល់អាចម៍ផ្កាយទាំងឡាយ ដែលត្រូវបានគណនាថា នឹងហោះមកកៀកភពផែនដីនៅក្រោមគម្លាត ៧.៥លានគីឡូម៉ែត្រ នោះគឺសុទ្ធតែត្រូវបានចាត់ទុកថា អាចបង្កការគំរាមកំហែងចំពោះជីវិតលើផែនដី ព្រោះតែពួកវាជាប្រភេទដុំថ្មអវកាស មានគន្លងធ្វើដំណើរ មិនទៀងទាត់ ដែលតម្រូវឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ធ្វើការអង្កេតយ៉ាងដិតដល់បំផុត។

គួរបញ្ជាក់ថា ដុំថ្មអវកាសទាំងអស់នេះ មិនបង្កហានិភ័យណាមួយចំផ្ទាល់ផែនដីឡើយ។ យ៉ាងណាមិញ មានរឿងមួយគួរឲ្យចាប់អារម្មណ៍ទាក់ទងនឹង បុគ្គលល្បីឈ្មោះជនជាតិបារាំងម្នាក់ កាលពីប៉ុន្មានរយឆ្នាំមុនគឺ លោក ណូស្ត្រាដាមឹស (Nostradamus) ដែលធ្លាប់បានធ្វើការទស្សន៍ទាយជាច្រើន សម្រាប់ពេលអនាគត គឺរហូតដល់ឆ្នាំ៣៧៩៧ ដែលលោកបានគិតថា គឺជាចុងបញ្ចប់នៃពិភពលោក។

លោក Nostradamus ត្រូវគេអះអាងថា ធ្លាប់បានទស្សន៍ទាយត្រូវច្រើនព្រឹត្តិការណ៍ធំជាច្រើន រួមមានមេដឹកនាំផ្តាច់ការអាល្លឺម៉ង់ Adolf Hilter, សង្រ្គាមលោកលើកទី២, មហាភេរវកម្ម «១១កញ្ញា» នៅសហរដ្ឋអាមេរិក, បដិវត្តន៍បារាំង និងការអភិវឌ្ឍគ្រាប់បែកបរមាណូ ជាដើម។ សម្រាប់ ឆ្នាំ២០២១វិញ លោក Nostradamus បានធ្វើការទស្សន៍ទាយដូច្នេះថា «នៅលើផ្ទៃមេឃ យើងមើលឃើញមានអណ្តាតភ្លើងនិងដុំបាល់ភ្លើងដ៏ វែងមួយ»។ មនុស្សជាច្រើនបានជឿជាក់ថា ការទស្សន៍ទាយនេះ គឺចង់សំដៅលើព្រឹត្តិការណ៍អាចម៍ផ្កាយធ្លាប់ចំផែនដី ដែលបង្កជាគ្រោះរញ្ជួយផែនដី និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗទៀត៕ ផ្តល់សិទ្ធិដោយ៖ Freshnews