WHO បាននិយាយថា ពិភពលោកនៅមិនទាន់មានភាពស៊ាំជាក្រុមគ្រប់គ្រាន់ ដើម្បីការពារពលរដ្ឋពីជំងឺកូវីដ១៩នោះទេក្នុងឆ្នាំនេះ
Khmer press January 12, 2021 at 9:09 am
facebook

អង្គការសុខភាពពិភពលោកបានប្រាប់ថា ភាពស៊ាំជាក្រុមប្រឆាំងនឹងជំងឺ COVID-19 នឹងមិនអាចទទួលបាននៅឆ្នាំនេះទេ ទោះបីមានការចាក់វ៉ាក់សាំងបង្ការមានការកើនឡើងក៏ដោយ។ ទីភ្នាក់ងារសុខាភិបាលរបស់អង្គការសហប្រជាជាតិមួយនេះបាននិយាយថា គិតត្រឹមថ្ងៃសុក្រប្រទេសចំនួន ៤២ នៅជុំវិញពិភពលោកដែលភាគច្រើនជាប្រទេសឧស្សាហកម្ម បានចាប់ផ្តើមឬកំពុងត្រៀមចាក់វ៉ាក់សាំងការពារពលរដ្ឋខ្លួន ប៉ុន្តែយ៉ាងណាភាពស៊ាំជាក្រុម (herd immunity) ដើម្បីការពារពលរដ្ឋដោយប្រយោលពីជំងឺ COVID-19 គឺមិនទាន់អាចកើតមានឡើងនោះទេ។

ប្រធានអ្នកវិទ្យាសាស្ត្ររបស់ WHO លោកស្រី Soumya Swaminathan បានប្រាប់សន្និសីទសារព័ត៌មានជាទៀងទាត់មួយកាលពីថ្ងៃច័ន្ទថា វាត្រូវការពេលវេលាដើម្បីថ្លឹងថ្លែងការផលិតវ៉ាក់សាំង សម្រាប់មនុស្សនៅទូទាំងពិភពលោក។ លោកស្រីមានប្រសាសន៍ថា៖«យើងនឹងមិនឈានដល់កម្រិតណាមួយនៃភាពស៊ាំជាចង្កោមពលរដ្ឋ ឬភាពស៊ាំជាក្រុមនៅឆ្នាំ២០២១ នោះទេ»។ គាត់បានបន្ដថា ទោះបីជាភាពស៊ាំជាក្រុមបានកើតឡើងខ្លះៗនៅក្នុងប្រទេសមួយចំនួនក៏ដោយ ក៏វានឹងមិនការពារប្រជាជននៅទូទាំងពិភពលោកដែរ។

លោកស្រីក៏បានសង្កត់ធ្ងន់ពីសារសំខាន់នៃការបន្តអនុវត្តវិធានការសុខភាពសាធារណៈ និងការរក្សាគម្លាតសង្គមមនុស្សផងដែរ។ ការអត្ថាធិប្បាយរបស់លោកស្រីបានធ្វើឡើង បន្ទាប់ពីអង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា វានៅមិនទាន់ដឹងថាពេលណាទើបពិភពលោកនឹងទទួលបានភាពស៊ាំការពារជាក្រុមរបស់ខ្លួននោះទេ ព្រោះថាដើម្បីអាចសម្រេចវាបាន ទាល់តែប្រជាជនជាង ៧០% នៅក្នុងពិភពលោកនេះត្រូវការចាក់វ៉ាក់សាំងជាចាំបាច់៕

ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត