ប៉ុន្មានថ្ងៃមុនលោក ត្រាំ ចេញពីតំណែង, សហរដ្ឋអាមេរិក បញ្ចូលគុយបា ក្នុងបញ្ជីឈ្មោះប្រទេសគាំទ្រភេរវកម្មឡើងវិញ
Khmer press January 12, 2021 at 10:03 am
facebook

(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោកប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានបញ្ចូលគុយបា ទៅក្នុងបញ្ជីខ្មៅនៃប្រទេសគាំទ្រ ភេរវកម្មឡើងវិញ ដែលនេះជាចេតនាមួយ ត្រូវបានគេមើលឃើញថា ដើម្បីបង្កឧបសគ្គដល់នយោបាយការទូត នៃរដ្ឋបាលរបស់លោក ចូ បៃដិន។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានគូសបញ្ជាក់ដូច្នេះថា៖ «ជាមួយសកម្មភាពនេះ, យើង នឹងឱ្យរដ្ឋាភិបាលគុយបា ទទួលខុសត្រូវ ហើយវាគឺជាបញ្ជូនសារមួយយ៉ាងច្បាស់ថា របបកាស្ត្រូ ត្រូវតែបញ្ឈប់ការគាំទ្រដល់ក្រុមភេរវកម្មអន្តរជាតិ…»។ លោកបន្ថែមថា សហរដ្ឋអាមេរិក នឹងបន្តគាំទ្រប្រជាជនគុយបា ដែលចង់បានរដ្ឋាភិបាលប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស សេរីភាព និងសាសនា ហើយថាសហរដ្ឋអាមេរិក សម្រេចចិត្ត បែបនេះដោយសារគុយបា គាំទ្រក្រុមឧទ្ទាមក្នុងប្រទេសកូឡុំប៊ី ដែលមានទំនាក់ទំនងជាមួយវេណេស៊ុយអេឡា។

គួរបញ្ជាក់ថា រដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ធ្លាប់បានដកគុយបាចេញពីបញ្ជីខ្មៅនៃប្រទេសគាំទ្រភេរវកម្ម កាលពីឆ្នាំ២០១៥ ក្នុងគោលបំណង ស្ដារឡើងវិញនូវទំនាក់ទំនងការទូតរវាងប្រទេសទាំង២។ តែក្រោយ លោក ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីចាប់តាំងឆ្នាំ២០១៦មក លោកបានលុបចោល នយោបាយរបស់លោក អូបាម៉ា ជាច្រើន ចំពោះគុយបា ហើយលោកក៏បានដាក់ទណ្ឌកម្មលើគុយបា ឡើងវិញផងដែរ៕

ផ្តល់សិទ្ធិដោយ៖ Freshnews