អភិបាលរាជធានី អោយរក្សាទុកដើមឈើធំៗដែលមានអាយុជាង៣០០ឆ្នាំ ដោយត្រូវធ្វើជើងទម្រ ដើម្បីការពារគ្រោះថ្នាក់
Khmer press January 12, 2021 at 10:59 am
facebook

ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងមន្រ្ដីរដ្ឋបាលរាជធានីភំ្នពេញ ចុះពិនិត្យដើមឈើតាមបណ្ដោយវិថីព្រះអង្គឌួង​ និងវិថីក្រមួនសដោយផ្ទាល់។ ដោយដើមឈើទាំងនោះមានអាយុកាលច្រើនឆ្នាំ និងបានផ្ដល់ជាម្លប់សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមវិថីនេះ ឯកឧត្ដមអភិបាលរាជធានីភំ្នពេញ បានឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរកសិកម្ម និងមន្ទីរបរិស្ថាន ថែទាំនិងរក្សាទុកដើមឈើចំនួន៣ដើមដែលចាស់ទ្រុឌទ្រោម ដោយលះមែកចេញមួយចំនួន និងធ្វើជើងទម្រទប់ដើម ដើម្បីការពារគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

គួរបញ្ជាក់ថាកាលពីសប្តាហ៍មុននេះ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ដើមឈើធំៗជាច្រើនដើមនៅលើសួនកាណាឌីយ៉ាឬផ្លូវភ្លោះមុខមន្ទីរពេទ្យព្រះអង្គឌួង ស្ថិតក្នុងខណ្ឌ ដូនពេញមានអាយុកាលជាង៣០០ឆ្នាំហើយ ហើយក្នុងចំនួននេះ មានដើមឈើចំនួន៣ដើម អាជ្ញាធររាជធានីភ្នំពេញ ដោយមានការឯកភាពពីក្រសួង កសិកម្ម រុក្ខាប្រមាញ់​និងនេសាទ គ្រោងនឹងកាប់យកចេញនៅសប្តាហ៍ក្រោយនេះ ដោយសារតែដើមឈើទាំង៣ដើមនេះពុកគល់ ប្រហោងក្នុង ទុកយូរទៅអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ៕