ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានដឹងពី ករណីបុរសម្នាក់បើករថយន្តព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AU-9367 ធ្វើដំណើរតាមបណ្តោយផ្លូវ73 គៀនផ្សារធំថ្មី ហេីយឃេីញរថយន្តបានបេីកកៀរម៉ូតូមួយគ្រឿងម៉ាក Scoopy ពាក់ផ្លាកលេខ កណ្តាល 1AG-5620 បណ្តាលឲ្យដួល ហេីយបុរសនោះមានកាំភ្លើងខ្លី ដែលពេលនោះបានភ្ញាក់ផ្អើលថាបុរសខាងលើដកកាំភ្លើងសំញែង។

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ កងរាជអាវុធហត្ថ បានប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាប អំពីបុគ្គលដែលបង្កហេតុដកកាំភ្លើង និងបានអះអាងខ្លួនជាអាវុធហត្ថ កើតហេតុនៅចំណុចផ្តុំផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ដែលមានឈ្មោះ សុខ ណាម៉ាលីដូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិករោងចក្រកាត់ដេរ ទីលំនៅផ្ទះលេខ១២អឺសូន្យ ផ្លូវលេខ៨៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។