ទីបំផុតឥណ្ឌូណេស៊ីចាប់ផ្តើម យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ!
Khmer press January 13, 2021 at 10:51 am
facebook

(ហ្សាការតា)៖ ប្រទេសឥណ្ឌូណេស៊ីបានចាប់ផ្ដើមយុទ្ធនាការ ចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ជាលក្ខណៈទ្រង់ទ្រាយធំ នៅថ្ងៃពុធនេះ ដោយលោកប្រធានាធិបតី ចូកូ វីដូដូ (Joko Widodo) នឹងជាអ្នកដែលទទួលបានការចាក់វ៉ាក់សាំង សម្រាប់ដូសដំបូងនេះមុនគេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១។

យុទ្ធនាការចាក់វ៉ាក់សាំង COVID-19 នេះមានគោលបំណង ចាក់ជូនប្រជាជនចំនួន ១៨១,៥លាននាក់ក្នុងដំណាក់កាលទី ១ ដោយប្រើប្រាស់វ៉ាក់សាំង កូរ៉ូណាវ៉ាក់ (CoronaVac) ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថចិន ស៊ីណូវ៉ាក់ បាយអូធិច (Sinovac Biotech) ដែលប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង ជាលក្ខណៈបន្ទាន់។

បើតាមការិយាល័យប្រធានាធិបតីឥណ្ឌូណេស៊ី លោកប្រធានាធិបតី ចូកូ វីដូដូ (Joko Widodo) ឬគ្រប់គ្នាតែងហៅលោកថា ចូកូវី (Jokowi) នឹងទទួលការចាក់វ៉ាក់សាំង CoronaVac នៅនាព្រឹកថ្ងៃពុធនេះ។ រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌូណេស៊ី លោក ប៊ូទី ហ្គាណាទី សាទីគីន (Budi Gunadi Sadikin) បានគូសបញ្ជាក់ប្រាប់សភា កាលពីថ្ងៃអង្គារម្សិលមិញថា បុគ្គលិកពេទ្យជិត ១.៥លាននាក់ នឹងទទួលការចាក់វ៉ាក់សាំងនេះនៅខែកុម្ភៈ ហើយបន្ទាប់មកគឺមន្ត្រីសាធារណៈ និងប្រជាជនទូទៅនៅក្នុងអំឡុងពេល ១៥ខែ។

លោក Budi Gunadi Sadikin បានគូសបញ្ជាក់បន្ថែមទៀតថា ២ភាគ៣នៃប្រជាជនចំនួន ២៧០លាននាក់ ត្រូវតែទទួលបានការចាក់វ៉ាក់សាំង ដើម្បីទទួលបាននូវភាពស៊ាំជាសហគមន៍។

គួរបញ្ជាក់តាមគេហទំព័រ Worldometers ថា បច្ចុប្បន្ននេះប្រទេសឥណ្ឌូណេស៊ី ជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៨៤៦,៧៦៥ករណី ក្នុងនោះមានអ្នកស្លាប់ ២៤,៦៤៥នាក់ និងជាសះស្បើយឡើងវិញ ៦៩៥,៨០៧នាក់៕ ផ្តល់សិទ្ធិដោយ៖ Freshnews