ថ្ងៃនេះ ថៃរកឃើញករណីជំងឺកូវីដ១៩ ថ្មីចំនួន ១៥៧នាក់ទៀត អ្នកឆ្លងសរុបកើនជិត ១០ ១០០នាក់ហើយ
Khmer press January 13, 2021 at 2:29 pm
facebook

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋាភិបាលថៃបានរាយការណ៍ករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ១៥៧ករណី ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដោយមានការចម្លងតាមមូលដ្ឋានចំនួន ១៣២ ករណី និងករណីនាំចូលចំនួន ២៥ ករណី ដែលនាំឱ្យករណីសរុបកើនដល់ ១០ ៩៩១ ករណី។ តួលេខថ្ងៃនេះបានធ្លាក់ចុះពីករណីចំនួន ២៨៧ ដែលត្រូវបានរាយការណ៍កាលពីម្សិលមិញ ដោយពេលនោះមានករណីចំនួន ២៧៨ ជាការចម្លងតាមមូលដ្ឋាន។

ចាប់តាំងពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មិនដល់មួយខែផងនោះ មានពលរដ្ឋនៅប្រទេសថៃចំនួន ៦ ៧៥៤ នាក់ បានឆ្លងជំងឺ COVID-19 មកពីទូទាំងខេត្តក្រុងចំនួន ៦០ ជាមួយនឹងក្រុង Phitsanulok ដែលបានឆ្លងចុងក្រោយគេ។ ក្នុងចំណោមអ្នកជំងឺទាំងអស់នេះ មានករណីចំនួន ៦ ៣២៣ ជាករណីក្នុងសហគមន៍ បូរួមទាំង ៣,០០៦ ករណី ត្រូវបានរកឃើញតាមរយៈការស្វែងរកករណីពាក់ព័ន្ធនឹងករណីមុន ហើយមាន ២ ៩៩៦ នាក់ បានជាសះស្បើយរួចហើយ។

ក្នុងចំណោមករណីទាំងអស់ចាប់តាំងពីប្រទេថៃមានវត្តមានជំងឺ COVID-19 ចំនួន ១០ ៩៩១ ករណី មានករណីចំនួន ៦ ៩៤៣ ករណី បានជាសះស្បើយ ដោយក្នុងនោះមាន ២១១ នាក់ ត្រូវបានរំសាយក្នុងរយៈពេល ២៤ ម៉ោងនេះ និងមានអ្នកជំងឺ ៣ ៩៨១ នាក់ នៅកំពុងទទួលការព្យាបាលនៅឡើយ។ យ៉ាងណាក៏ដោយចំនួនអ្នកស្លាប់មិនមានការផ្លាស់ប្តូរទេ គឺនៅតែរក្សាត្រឹម ៦៧នាក់ ដដែល៕


អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍