TOP NEWS: សម្តេចតេជោ ហ៊ុន សែន៖ ការថតភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី» មិនបានប្រើប្រាស់ថវិកាជាតិនោះទេ
Khmer press January 13, 2021 at 3:57 pm
facebook

(ភ្នំពេញ)៖ រឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌រមី» នឹងត្រូវថតជាខ្សែភាពយន្តភាគ ដោយផលិតកម្មឯកជនមួយ ហើយនឹងត្រូវលក់ទៅឲ្យស្ថានីយ៍ទូរទស្សន៍នានា ដើម្បីចាក់ផ្សាយជាសាធារណៈជូនប្រជាជនបានទស្សនា។ រឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌រមី» កន្លងមករឿងនេះត្រូវបានតាក់តែងនិពន្ធជាល្ខោននិយាយ និងចាក់ផ្សាយនៅតាមប្រព័ន្ធផ្សព្វផ្សាយនានានៅកម្ពុជា ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តអ្នកស្ដាប់ទូទាំងប្រទេស ជាខ្សែរឿងដែលមានប្រជាប្រិយភាពបំផុត។

បើទោះបីជាដំណើររឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី» មានលក្ខណៈជាសាច់រឿងប្រវត្តិសាស្ត្ររបស់រដ្ឋបុរសជាតិ នៃយើងក៏ដោយ ប៉ុន្តែខ្សែភាពយន្តនេះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុនឯកជនសុទ្ធសាធ មានន័យថា រាល់ការទទួលខុសត្រូវក្នុងការចំណាយដើមទុន គឺជាម្ចាស់ផលិតកម្ម ហើយខ្សែភាពយន្តភាគនេះ ក៏ជាកម្មសិទ្ធផ្តាច់មុខរបស់ផលិតកម្មឯកជននោះដែរ។

ដោយសារដំណើររឿងនៃខ្សែភាពយន្តមានលក្ខណៈប្រវត្តិសាស្ត្រកម្រិតថ្នាក់ជាតិ ជាប្រវត្តិនៃខ្សែជីវិតជាក់ស្តែងរបស់សម្តេចតេជោផងនោះ ទើបសម្តេចសម្រេចឲ្យបង្កើត គណៈកម្មការផលិតខ្សែភាពយន្តនេះឡើង។ ទោះជាខ្សែភាពយន្តនេះផលិតដោយក្រុមហ៊ុនឯកជន ប៉ុន្តែគណៈកម្មការមានភារកិច្ចដឹកនាំត្រួតពិនិត្យខ្លឹមសារ និងទីតាំងប្រវត្តិសាស្ត្រជាក់ស្តែង។ សមាសភាពគណៈកម្មការទាំងអស់សុទ្ធតែជាអ្នកមានជំនាញពិតប្រាកដក្នុងការផលិតខ្សែភាពយន្ត ដែលទទួលបាននូវជំនឿទុកចិត្តពីសម្តេចតេជោ ជាម្ចាស់ដើមនៃប្រវត្តិសាច់រឿង។ ម៉្យាងទៀតសមាសភាពនេះតែងទទួលបានការគាំទ្រជានិច្ច ពីសាធារណជននូវរាល់ស្នាដៃទាំងឡាយ ដែលធ្លាប់បានផលិតឡើងកាលពីពេលកន្លងមក។

ពាក់ព័ន្ធនឹងការចំណាយថវិកាក្នុងការផលិតខ្សែភាពយន្តនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ជំរាបជូនដល់ជនរួមជាតិទាំងអស់ តាមរយៈបណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះថា «ការថតភាពយន្តរឿងនេះ មិនបានប្រើប្រាស់ថវិកាជាតិសូម្បីតែមួយសេន»។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមានក្រុមប្រឆាំងមួយចំនួនបានឆ្លៀតផ្សព្វផ្សាយវោហាសាស្ត្រជំទាស់ទៅនឹងការផលិតខ្សែភាពយន្តនេះ ដែលមានបង្កប់ទៅដោយការច្រណែនឈ្នានីស ដោយបានចោទប្រកាន់មកលើសម្តេចតេជោ ហ៊ុន សែន ថាបានប្រើប្រាស់ថវិកាក្នុងការផលិតខ្សែភាពយន្តរឿងភាគនេះ។

សូមជំរាបថា កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចមួយបង្កើតគណៈកម្មការ និងអនុគណៈកម្មការផលិតភាពយន្តភាគរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី។

រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី ជារឿងនិទានបែបប្រវត្តិសាស្រ្ត ដែលនិយាយពីដំណើរជីវិតតស៊ូរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានបញ្ចូលនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន ក្នុងការស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋ។

សម្រាប់គណៈកម្មការផលិតភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី មានសមាសភាព ១៤រូប ដឹកនាំដោយ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដោយក្នុងគណៈកម្មការនេះមានអនុគណៈកម្មការមួយចំនួនទៀតផងដែរ៕ ផ្តល់សិទ្ធិដោយ៖ Freshnews