ប្រធាន WHO ព្រមានពីមហន្តរាយដ៏ធំធេងលើផ្នែកសីលធម៌ ពាក់ព័ន្ធនឹងដំណើរការចាក់ វ៉ាក់សាំងកូវីដ-១៩
Khmer press January 19, 2021 at 9:53 am
facebook

(ហ្សឺណែវ)៖ នៅក្នុងការបើកសម័យប្រជុំលើកទី ១៤៨ របស់គណៈប្រតិបត្តិនៃ អង្គការសុខភាពពិភពលោក (WHO) លោកអគ្គនាយក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានព្រមានថា មហន្តរាយដ៏ធំធេងនឹងកើតមានចំពោះផ្នែកសីលធម៌ ដោយសារតែការខ្វះខាតវ៉ាក់សាំង សម្រាប់ប្រទេសក្រីក្រទាំងឡាយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១។

ឆ្លើយតបនឹងស្ថានការណ៍ ដែលកំពុងកើតមានឡើងនៅដើមឆ្នាំ២០២១ លោក ថេដ្រូស អាដាណម ក៏បានបង្ហាញការយល់ឃើញផងដែរថា បណ្តាប្រទេសមានប្រាក់ចំណូលខ្ពស់ ឬយើងអាចហៅថា ប្រទេសអ្នកមាននោះ មានសិទ្ធិក្នុងការធ្វើអ្វីៗបានច្រើនជាងប្រទេសកំពុងអភិវឌ្ឍ ឬប្រទេសក្រីក្រ។ ប្រធាន WHO រូបនេះបានគូសបញ្ជាក់ថា «វ៉ាក់សាំង COVID-19 ជាង ៣៩លានដូសហើយត្រូវបានដាក់ឲ្យប្រើ នៅក្នុងប្រទេសមានប្រាក់ចំណូលខ្ពស់ យ៉ាងហោចណាស់ចំនួន ៤៩ប្រទេស។ សម្រាប់ប្រទេសក្រីក្រវិញ ពេលនេះគឺវ៉ាក់សាំងត្រឹមតែ ២៥ដូសប៉ុណ្ណោះ ត្រូវបានចាក់នៅប្រទេសក្រីក្របំផុតមួយ… មិនមែន ២៥លានដូស ហើយក៏មិនមែន ២៥ពាន់ដូសដែរ… នោះគឺ ២៥ដូសប៉ុណ្ណោះ»។

លោក ថេដ្រូស អាដាណម បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ខ្ញុំត្រូវតែនិយាយឲ្យច្បាស់… ពិភពលោកពេលនេះកំពុងស្ថិតនៅជិតមាត់ជ្រោះ នៃមហន្តរាយដ៏ធំធេងផ្នែកសីលធម៌ហើយ»។ នៅក្នុងដំណាក់កាលដំបូង នៃការដោះស្រាយបញ្ហានេះ លោកប្រធាន WHO បានអំពាវនាវឲ្យបណ្តាប្រទេស ដែលបានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំង COVID-19 ពីក្រុមនានា ងាកមកផ្តល់ទំនុកចិត្ត និងគាំទ្របន្ថែមលើកម្មវិធីអភិវឌ្ឍវ៉ាក់សាំងរួម COVAX របស់ WHO ព្រោះវាជាគំនិតផ្តួចផ្តើមតែមួយគត់ ដើម្បីសម្រេចបាននូវវ៉ាក់សាំង ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីចែកជូនប្រទេសនានា ប្រកបដោយសមធម៌៕ផ្តល់សិទ្ធិដោយ៖ Freshnews