ចាប់អ្នកបន្ទោបង់តាមសួនច្បារ និងទីសាធារណៈ យកមកអប់រំណែនាំ និងឲ្យធ្វើរឿងមួយនេះទើបអនុញ្ញាតឲ្យត្រលប់ទៅវិញ
Khmer press January 19, 2021 at 2:16 pm
facebook

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថានៅថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់អោយកម្លាំងប្រជាការពារខណ្ឌដូនពេញ បានបន្តចុះធ្វើសណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋានក៏បានជួបក្រុមម៉ូតូឌុប និងម៉ូតូកង់៣ ចំនួន ១៣នាក់ បានឈប់យាន្តជំនិះរបស់ខ្លួន ហើយទៅបន្ទោបង់នៅតាមដើមឈើ តាមសួនច្បារ តាមទីសាធារណៈ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយ និងបង្កអោយមានក្លិនឆ្អេះឆ្អាប ដល់អ្នកធ្វើដំណើរ។

ភ្លាមៗនោះដែល កម្លាំងយើងក៏បានអញ្ជើញពួកគាត់មកធ្វើការអប់រំណែនាំ នៅសាលាខណ្ឌដូនពេញ និងបានឲ្យពួកគាត់ធ្វើការបាញ់លាងសំអាតកន្លែងដែលពួកគាត់បន្ទោបង់រួចទើបអនុញ្ញាតអោយពួកគាត់ត្រឡប់ទៅវិញ។ រដ្ឋបាលខណ្ឌ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំយកគំរូតាមពួកគាត់ និងសូមរកកន្លែង បន្ទោបង់អោយបានត្រឹមត្រូវ នៅបន្ទប់ទឹកសាធារណៈ ឬឯកជន ដែលនៅជិតលោកអ្នក ជៀសវាងធ្វើតាមពួកគាត់ បង្កភាពអនាធិបតេយ្យ បាត់សណ្តាប់ធ្នាប់ អនាម័យ និងប៉ះពាល់ដល់សុខភាពសាធារណៈជនផងដែរ សូមអរគុណ៕

ប្រភព៖ រដ្ឋបាលខណ្ឌដូនពេញ