ករណីបងប្អូនបង្កើតកើតជម្លោះដីធ្លី, អភិបាលស្រុកមុខកំពូល ខេត្តកណ្តាល នឹងយករឿងទៅដោះស្រាយដោយយុត្តិធម៌
Khmer press January 19, 2021 at 3:30 pm
facebook

(កណ្ដាល)៖ លោក តុង ស៊ីវមី អភិបាលស្រុកមុខកំពូល ខេត្តកណ្តាល បាននិយាយថា លោកនឹងយកជម្លោះដីធ្លីរវាងបងប្អូនបង្កើតមួយ ទៅពិនិត្យឡើងវិញ និងដោះស្រាយដោយយុត្តិធម៌ ខណៈដែលពលរដ្ឋបានស្នើមកកាន់ អាជ្ញាធរស្រុកមានរយៈពេលជាង២ឆ្នាំមកហើយនោះ តែមិនមានដំណោះស្រាយ។ អភិបាលស្រុកបញ្ជាក់ទៀតថា ចំពោះករណីនេះ អាជ្ញាធរសុំពេលពិនិត្យមើលសាច់រឿងលម្អិតឲ្យបានច្បាស់លាស់ ព្រោះរឿងទំនាស់នេះជាការទាស់ទែងនឹងបងប្អូន ដូច្នេះអាជ្ញាធរនឹងពិនិត្យ និងដោះស្រាយដោយយុត្តិធម៌មិនខាន។

ចំពោះករណីនេះ មានទីតាំងស្ថិតនៅភូមិត្រងស្វាយ ឃុំស្វារំពា ស្រុកមុខកំពូល ខេត្តកណ្ដាល ខណៈដែលករណីនេះបានកើតឡើងក្រោយភាគីប្អូនបានធ្វើរបង លើដីកម្មសិទ្ធិស្របច្បាប់ ប៉ុន្តែត្រូវបានបងរបស់ខ្លួនមកជំទាស់ មិនឲ្យធ្វើនោះឡើយ ហើយប្ដឹងម្ចាស់ដីទៅសាលាស្រុកមុខកំពូលថែមទៀតផង។ ម្ចាស់ដីដែលតវ៉ាមានឈ្មោះ ញឹម ម៉ុម (ប្អូន) រីឯភាគីម្ខាងទៀតជាបងស្រីមានឈ្មោះ ញឹម ថាច។ លោក ញឹម ម៉ុម បានប្រាប់ថា រយៈពេលជាង១០ឆ្នាំមុន ឈ្មោះ ញឹម ម៉ាច ដែលត្រូវជាបងប្អូនបង្កើត បានលក់ដីរបស់ខ្លួនមួយចំណែកខាងមុខជាប់នឹងផ្លូវជាតិទៅឲ្យអ្នកដទៃ ដោយពុំបានទុកផ្លូវសម្រាប់ខ្លួនឯងចេញចូលផ្ទះ នៅខាងក្រោយឡើយ។

លោក និងគ្រួសារក៏បានមកដើរនៅលើផ្លូវដីរបស់ខ្លួនជាហូរហែរមក។ ស្រាប់តែនាពេលកន្លងមក លោកជាម្ចាស់ដីមានកម្មសិទ្ធិស្របច្បាប់ មានបំណងធ្វើរបងព័ទ្ធដីរបស់ខ្លួនព្រោះជិតរៀបការកូន ក៏ប៉ុន្តែត្រូវបានឈ្មោះ ញឹម ម៉ាច មករារាំង និងបានប្ដឹងចូលសាលាស្រុកថែមទៀតផង ដោយទាមទារយកដីកម្មសិទ្ធិដែលមានទទឹង ៣ម៉ែត្រ បណ្ដោយ៨៥ម៉ែត្រ, បើទោះបីជាម្ចាស់ដីស្របច្បាប់បានធ្វើការសម្របសម្រួលប្រគល់ដីឱ្យដែលមានទទឹងមួយម៉ែត្រកន្លះ បណ្ដោយរហូតដល់ផ្លូវចូលផ្ទះក៏ដោយឈ្មោះ ញឹម ថាច នៅតែចចេសរឹងរូស មិនព្រមទទួលយកឡើយដោយព្យាយាមនៅតែបន្តចង់បានដីរបស់គេទទឹង ៣ម៉ែត្រទទឹង និងបណ្ដោយ៨៥ម៉ែត្រដដែល។

លោកបញ្ជាក់ទៀតថា ភាគីខាងនោះមិនត្រឹមតែចង់ដណ្ដើមយកដីស្របច្បាប់របស់ខ្លួនតែប៉ុណ្ណោះទេ ហើយថែមទាំងបានប្ដឹងគាត់ចូលសាលាស្រុកថែមទៀតផង ដោយស្នើសុំលោក តុង សៀវមី ជាអភិបាលស្រុកមុខកំពូល មេត្តាដោះស្រាយរឿងនេះផងដើម្បីបញ្ចប់បញ្ហា។ ជុំវិញករណីនេះលោកស្រី ញឹម ថាច ដែលរងការចោទថា បានរំលោភយកដីកម្មសិទ្ធិខាងលើនេះ ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាល មិនអាចស្នើសុំការបំភ្លឺជាក់លាក់បានទេ ដោយសារទូរស័ព្ទរបស់លោកស្រី ញឹម ម៉ាច ត្រូវកូនស្រីជាអ្នកទទួលជំនួសទៅវិញ ហើយសន្យាថា នឹងផ្ដល់ព័ត៌មានពិតមកកាន់ភ្នាក់ងារ Fresh News វិញ តែមិនមានការទំនាក់ទំនងមកវិញនៅឡើយ៕ ផ្តល់សិទ្ធិដោយ៖ Freshnews

x