កុំភ័យ! អ្នកគ្រប់គ្នា នឹងទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩, នេះបើតាម WHO
Khmer press January 21, 2021 at 8:34 am
facebook

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធសប្ដាហ៍នេះ បាននិយាយថា គ្មាននរណាម្នាក់ ត្រូវភ័យខ្លាចថាគ្មានវ៉ាក់សាំង COVID-19 ចាក់ នោះទេ ពីព្រោះមនុស្សគ្រប់រូបនឹងទទួលបានការចាក់វ៉ាក់សាំង បើសិនជាពួកគេចង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោកស្រី Mariangela Simao ជាជំនួយការប្រធាន WHO បានឱ្យដឹងទៀតថា អង្គការរបស់លោកស្រីបាននិងកំពុងធ្វើការ ជាមួយបណ្ដាប្រទេសនានា ដើម្បីធានាឱ្យបាននូវការទទួលបានវ៉ាក់សាំង COVID-19 នៅជុំវិញពិភពលោក។ លោកស្រី Simao បានគូសបញ្ជាក់ដូច្នេះថា៖ «គ្មាននរណាម្នាក់ ត្រូវភ័យខ្លាចឡើយ ពីព្រោះអ្នកទាំងអស់គ្នា នឹងទទួលបានការចាក់វ៉ាក់សាំង បើសិនជាអ្នកចង់ ហើយយើងកំពុងប្រឹងប្រែងធ្វើការ ដើម្បីធានា ថាប្រទេសទាំងអស់, ប្រជាជនគ្រប់រូប មានឱកាសទទួលបានវ៉ាក់សាំងគ្រប់ៗគ្នា»។

គួរបញ្ជាក់ថា បើតាមលោកស្រី Mariangela Simao មកទល់នឹងពេលនេះ មានប្រទេសជាង៥០ហើយ នៅជុំវិញពិភពលោក បានចាប់ផ្ដើមយុទ្ធនាការ ចាក់វ៉ាក់សាំង ជូនប្រជាជនរបស់ខ្លួន ហើយក្នុងនោះមាន ៤០ប្រទេស ជាប្រទេសអ្នកមាន៕