យានយន្តជាង ៣.៥សែនគ្រឿង ត្រូវបានផាកពិន័យនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២០
Khmer press January 21, 2021 at 3:26 pm
facebook

(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានយានយន្តសរុប ១,៧៨០,១០៤គ្រឿង នៅក្នុងប្រទេសកម្ពុជា ត្រូវបាននគរបាលត្រួតពិនិត្យ ដោយក្នុងនោះ មានយានយន្តប្រមាណ ៣៥៥,៨៨០គ្រឿង ស្មើនឹង២០ភាគរយប៉ុណ្ណោះ ត្រូវបានរកឃើញល្មើសច្បាប់ចរាចរណ៍ផ្លូវគោក និងរងការផាកពិន័យ។ នេះបើតាម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ។

លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ក្នុងចំណោមយានយន្ត ៣៥៥,៨៨០គ្រឿង ដែលត្រូវបានរកឃើញល្មើស និងផាកពិន័យនោះ មានម៉ូតូល្មើសចំនួន៦៧%។ បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា អត់ស្លាកលេខ ទូរស័ព្ទដៃ និងស្រវឹងជាដើម។ ដោយឡែកបទល្មើសសម្រាប់រថយន្ត គឺភាគច្រើនលើសល្បឿន លើសចំណុះ ស្រវឹង ល្មើសសញ្ញា បត់ជែង អត់បណ្ណបើកបរ អត់ខ្សែក្រវាត់ និងប្រើប្រាស់ទូរស័ព្ទដៃជាដើម។

ទោះជាយ៉ាងនេះក្តី ពេញមួយឆ្នាំ២០២០ គ្រោះថ្នាក់ចររាចរណ៍នៅកម្ពុជា បានកើតឡើង ៣,១៧៩ ដែលថយចុះចំនួន៩៤២លើក ស្មើនឹង ២៣% បើធៀបនឹងឆ្នាំមុន។ អត្រាស្លាប់ មានចំនួន ១.៦៤៦នាក់ ថយ៣៣៥នាក់ ស្មើនឹង១៧% , របួសមានចំនួន ដែលថយ ១.៤៥៥នាក់ ស្មើនឹង ២៤% បើធៀបនឹងឆ្នាំមុន។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា មូលហេតុនៃការគ្រោះថ្នាក់ចររាចរណ៍ ឆ្នាំ២០២០ កន្លងទៅនេះ បណ្តាលមកពី បើកលើសល្បឿនកំណត់ ៣៣% មិនគោរពសិទ្ធិ ២៤% មិនប្រកាន់ស្ដាំ ១៥% វ៉ាជែង ១០% បត់មិនប្រយ័ត្ន ៩% ស្រវឹង ៥% កត្តាយានយន្ត ៣% ងងុយ ១%៕ ផ្តល់សិទ្ធិដោយ៖ Freshnews