ដោយសាររោគរាតត្បាតកូវីដ គេខាតគ្រប់គ្នា តែសាមសុងអេឡិចត្រូនិក ប្រកាសពីប្រាក់ចំណេញសុទ្ធខ្ទង់ពាន់លានដុល្លារ
Khmer press January 28, 2021 at 3:34 pm
facebook

ក្រុមហ៊ុនសាមសុងអេឡិចត្រូនិក ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូន និងបន្ទះឈីបធំជាងគេបំផុតនៅលើពិភពលោកបានរាយការណ៍ថា ប្រាក់ចំណេញសុទ្ធនៅត្រីមាសទី៤ កើនឡើងជាងមួយភាគបួនពីមួយឆ្នាំទៅមួយឆ្នាំកាលពីថ្ងៃព្រហស្បតិ៍។ ការកើនឡើងនេះ ត្រូវបានក្រុមហ៊ុនឲ្យដឹងថា គឺដោយសារការស្នាក់នៅផ្ទះរបស់មនុស្សក្នុងអំឡុងពេលវីរុស Covid-19 រាតត្បាតជំរុញឲ្យតម្រូវការសម្រាប់ឧបករណ៍ដែលបំពាក់ដោយបន្ទះឈីបរបស់ក្រុមហ៊ុនកើនឡើង។ ក្រុមហ៊ុនអេឡិចត្រូនិកសាមសុង បានឲ្យដឹងថា ប្រាក់ចំណេញបានកើនឡើង ២៦.៤% នៅក្នុងខែតុលា ដល់ខែធ្នូ ពីមួយឆ្នាំមុន ដល់ចំនួន ៦.៦១ ទ្រីលានវ៉ុន (៥.៩៧ ពាន់លានដុល្លារ)។

 

ជាមួយគ្នានេះប្រាក់ចំណេញប្រតិបត្តិការបានកើនឡើង ២៦.៤% ដល់ចំនួន ៩.០៥ ទ្រីលានវ៉ុន ខណៈការលក់ក៏កើនឡើង ២.៨% ស្មើនឹង ៦១.៥៥ ទ្រីលានវ៉ុន។ ប៉ុន្តែទោះយ៉ាងណា សាមសុង បានកត់សម្គាល់ថា ប្រាក់ចំណេញបានធ្លាក់ចុះពីត្រីមាសមុនដោយសារតែតម្លៃនៃ memory ទាប និងការលក់ផលិតផលធ្លាក់ចុះ ក៏ដូចជាតម្លៃទីផ្សារខ្ពស់ និងការកើនឡើងនៃតម្លៃប្រាក់ វ៉ុនកូរ៉េ។

 

សាមសុងអេឡិចត្រូនិក គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដ៏ធំរបស់ក្រុមហ៊ុនសាមសុង ដែលជាអាណាចក្រធំបំផុតរបស់គ្រួសារដែលត្រូវបានគេស្គាល់ថា ជាក្រុមអាជីវកម្មដែលគ្រប់គ្រងអាជីវកម្មនៅប្រទេសកូរ៉េខាងត្បូង ដែលជាប្រទេសមានសេដ្ឋកិច្ចលំដាប់ទី១២ នៅលើពិភពលោក។ ក្រុមហ៊ុននេះមានសារសំខាន់ណាស់ចំពោះសុខភាពសេដ្ឋកិច្ចនៅភាគខាងត្បូង ដោយចំណូលសរុបរបស់វាស្មើនឹងមួយភាគប្រាំនៃផលិតផលក្នុងស្រុកសរុបរបស់ជាតិ។

 

នៅក្នុងរបាយការណ៍ប្រាក់ចំណូលក្រុមហ៊ុនបាននិយាយថា “ ទោះបីជាបញ្ហាប្រឈមពីជំងឺរាតត្បាតរីករាលដាលនៅតែបន្តក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនដើម្បីធានាបាននូវការផ្គត់ផ្គង់ផលិតផល និងសេវាកម្មប្រកបដោយស្ថេរភាពជួយដល់លទ្ធផលនៅត្រីមាសទី ៤ របស់សាមសុង ” ។ ហើយបើទោះបីជា មេរោគ Covid-19 បានបង្កការបំផ្លិចបំផ្លាញដល់សេដ្ឋកិច្ចពិភពលោក ជាមួយនឹងការបិទទ្វារ និងការហាមឃាត់ការធ្វើដំណើរជុំវិញពិភពលោកអស់រយៈពេលជាច្រើនខែក៏ដោយក្ដី ក៏មានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនកំពុងរីកចម្រើនដែរ ក្នុងនោះរួមទាំងក្រុមហ៊ុន Samsung ផងដែរ៕