អាចារ្យធំលើកឡើងថា ២ឆ្នាំមុន ចំប៉ីខ្មៅត្រូវសមត្ថកិច្ចឃាត់ខ្លួន​ ដោយសារប្រមាថជាតិ ឥលូវនេះក្រុមអ្នកលក់ឡេ កាឡៃរឿង​ ទុំទាវ​ ធ្វើឲ្យប៉ះពាល់ដល់សាសនា វប្បធម៌ និងប្រពៃណីជាតិ តើអាចមានវាសនាដូចបុគ្គល​ចំប៉ីខ្មៅដែរឬទេ?
Khmer press February 5, 2021 at 9:45 am
facebook

កន្លងទៅថ្មីៗនេះ មានការរិះគន់មួយមិនសំចៃមាត់ពីសំណាក់អ្នកលេងបណ្តាញសង្គម ក្រោយឃើញក្រុមអ្នកលក់ឡេល្បីឈ្មោះ គឺអាជី និងអាម៉ី បានថតសំដែងរឿង “ទុំទាវ 2021” និងបានយកសាសនាមកលេងសើចបែបអាសអាភាស ដែលមហាជននិយាយថាវាជាការជាន់ឈ្លីសាសនាយ៉ាងធ្ងន់ធ្ងរ និងសំណូមពរអោយក្រសួងនិងសមត្ថកិច្ចពាក់ព័ន្ធធ្វើការចាត់វិធានការទៅតាមច្បាប់។

ថ្មីៗនេះ អាចារ្យធំ បានធ្វើការប្រៀបធៀបករណីរបស់ក្រុមអ្នកលក់ឡេ អាជី និងអាម៉ី ទៅនឹងករណីរបស់ ចំប៉ីខ្មៅ ដែលធ្វើជាប់គុក ដោយសារតែប្រមាថជាតិខ្មែរ។ អាចារ្យធំ បានឲ្យដឹងថា “(ថ្ងៃនេះកាលពី​ ២ឆ្នាំមុន)​ ០៥​ កុម្ភ:​ ២០១៩​ បុគ្គល​ ចំប៉ីខ្មៅ​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​ ក្នុងករណី​ប្រមាថជាតិខ្មែរដ៏ឧត្តម។
តេី…​ ថ្ងៃទី​ ០៥​ កុម្ភៈ​ ២០២១​ នេះ​ ក្រុមផលិតរឿង​ ទុំទាវ​ ២០២១​ បំផ្លាញ​ បំពុលសង្គម​ ដែលមានចេតនាប្រមាថយ៉ាងធ្ងន់ធ្ងរ​ដល់​ ព្រះពុទ្ធសាសនា​(បាវចនាជាតិ)​ ស្នាដៃអក្សរសិល្ប៍​ជាតិ​ វប្បធម៌​ ប្រពៃណី​ជាតិ​ ទាំងនេះ​ អាចមានវាសនាដូចបុគ្គល​ចំប៉ីខ្មៅដែរឬទេ?
👉ចាំតាមដាន​ ឃ្លាំមើល និងជំរុញការអនុវត្តន៍ច្បាប់អោយបានតឹងរឹង និងស្មើភាពគ្នា ក្នុងស្ថានទម្ងន់ទោសប្រហាក់ប្រហែលគ្នានេះ។
#បុគ្គលទាំងឡាយណាដែលប្រមាថជាន់ឈ្លីជាតិខ្មែរដ៏ឧត្តមមួយនេះរមែងវិនាស”៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត