កន្លងទៅថ្មីៗនេះមានការរិះគន់មួយមិនសំចៃមាត់ពីសំណាក់អ្នកលេងបណ្តាញសង្គម ក្រោយឃើញក្រុមអ្នកលក់ឡេល្បីឈ្មោះ គឺអាជី និងអាម៉ី បានថតសំដែងរឿង “ទុំទាវ ២០២១” ហើយបានយកសាសនាមកលេងសើចបែបអាសអាភាស ដែលមហាជននិយាយថាវាជាការជាន់ឈ្លីសាសនាយ៉ាងធ្ងន់ធ្ងរ។ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ បានកោះហៅ កញ្ញា តេង ស៊ីណាត និងកញ្ញា តេង ដាណា រួមនឹងអ្នកពាក់ព័ន្ធ ក្នុងការផលិតវីដេអូឃ្លីប រឿង ទុំទាវ ២០២១ មកអប់រំណែនាំ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

លទ្ធផល ៨ចំណុច នៃជំនួបរវាងក្រុមប្រឹក្សាពិន័យនិងលើកសរសើរ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចំពោះករណីការផលិតរឿង«ទុំទាវ២០២១» មានដូចខាងក្រោម៖
១. មិនប្រព្រឹត្ត និងចូលរួមប្រព្រឹត្ត នូវគ្រប់សកម្មភាព ឥរិយាបថ ព្រមទាំងពាក្យសម្តី ដែលបណ្តាលឱ្យមានផលប៉ះពាល់ចំពោះ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំងសង្គមជាតិទៀតឡើយ។
២. មិនបង្ហាញភាពស៊ីចស៊ី បែបអនាចារ ក្នុងបណ្តាញសង្គម
៣. ប្រើប្រាស់ចំណេះ ជំនាញដែល ខ្ញុំបាទ/នាងខ្ញុំមាន ដើម្បីចូលរួមលើកស្ទួយ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំងកិត្យាសង្គមជាតិ។
៤. យល់ព្រមប្រគល់ Page account ឈ្មោះHokima និងAccount Tik Tok ឈ្មោះ Gi Leader261ដែលជាកម្មសិទ្ធិផ្ទាល់ខ្លួន របស់ ខ្ញុំបាទ/នាងខ្ញុំ ឱ្យក្រុមការងារ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គ្រប់គ្រង និងលុបចោលទាំងស្រុង។
៥. សន្យាមិនទាញយកទិន្នន័យក្នុង Page account ឈ្មោះHokima និង Account Tiktok ឈ្មោះ Gi Leader261 ដែលបានប្រគល់ជូនក្រុមការងាររបស់ក្រសួង មករក្សាទុក ឬ ប្រើប្រាស់ឡើយ។
៦. សន្យានឹងសហការជាមួយម្ចាស់ account Facebook ឬ/និង Page account ដែលខ្ញុំបាទ/នាងខ្ញុំ បានជួលពីមិត្ត ជូនដល់សមត្ថកិច្ច ដើម្បីលុប account Facebook ឬ/និង Page accountទាំងអស់។
៧. ធ្វើការសុំទោសជាសាធារណៈ ចំពោះមុខអ្នកសារព័តមាន
៨. ប្រសិនបើ ខ្ញុំបាទ/នាងខ្ញុំ នៅប្រព្រឹត្តនូវរាល់សកម្មភាព ឥរិយាបថ ព្រមទាំង ពាក្យសម្តី ភាពសិចស៊ីបែបអនាចារ បណ្តាលឱ្យមានផលប៉ះពាល់ចំពោះ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំងសង្គមជាតិ ជាបន្តទៀត ខ្ញុំបាទ/នាងខ្ញុំ សុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕