ការសិក្សារបស់អ៊ីស្រាអែលបានបង្ហាញថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech អាចកាត់បន្ថយការស្លាប់បានជិត ៩៩%
Khmer press February 22, 2021 at 9:47 am
facebook

ក្រសួងសុខាភិបាលអ៊ីស្រាអែលបាននិយាយថា វ៉ាក់សាំងបង្ការជំងឺ COVID-19 មានប្រសិទ្ធភាព ៩៨.៩% ក្នុងការការពារការស្លាប់ពីជំងឺ COVID-19 នៅរយៈពេល ២សប្តាហ៍ បន្ទាប់ពីការចាក់លើកទី២ នេះបើតាមការចេញផ្សាយការវិភាគទិន្នន័យត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ សម្រាប់អ្នកដែលបានទទួលវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ។ ក្រសួងបាននិយាយថា ៩៦.៩% នៃអ្នកដែលបានទទួលវ៉ាក់សាំង ហាក់ដូចជាមិនសូវមានបញ្ហាគ្រុនក្តៅ និងដង្ហើមនោះទេ ក្នុងរយៈពេល ១ សប្តាហ៍បន្ទាប់ពីការចាក់លើកទី២ ហើយកើនឡើងដល់ ៩៨% បន្ទាប់ពី ២ សប្តាហ៍ក្រោយមក។

វ៉ាក់សាំងមានប្រសិទ្ធភាព ៩៤.៥% ក្នុងការការពារពីការស្លាប់ នៅរយៈពេល ១ សប្តាហ៍បន្ទាប់ពីការចាក់លើកទី២ និងមានប្រសិទ្ធភាព ៩៨.៩% បន្ទាប់ពី ២ សប្តាហ៍ក្រោយមកទៀត។ គួរឱ្យដឹងដែរថា អ៊ីស្រាអែលជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនពលរដ្ឋមុនគេ ហើយពលរដ្ឋរបស់ខ្លួន ៤០% ឬ ៤.២ លាននាក់ បានទទួលដូសទី១ របស់រួចរាល់ហើយ ខណៈអាជ្ញាធរក៏កំពុងស្នើឱ្យអ្នកមានអាយុចាប់ពី ១៦ឆ្នាំ ទៅចាក់វ៉ាក់សាំងទាំងអស់គ្នា។ អាជ្ញាធរប្រទេសនេះក៏បានបន្ធូរបន្ថយការរឹតបន្តឹងលើការចេញដំណើរកាលពីថ្ងៃអាទិត្យ ហើយអ្នកដែលបានទទួលការចាក់វ៉ាក់សាំងលើកទី២ ត្រូវបានអនុញ្ញាតឱ្យទៅហាត់ប្រាណ និងហែលទឹកបានផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត