ការស្ទង់មតិ៖ «ពលរដ្ឋអាមេរិកាំងដែលស្មោះ ស្ម័គ្រចំពោះលោក ដូណាល់ ត្រាំ ជិត ៥០% សុខចិត្តបោះបង់បក្សសាធារណរដ្ឋបើលោក ត្រាំ បង្កើតបក្សថ្មី»
Khmer press February 22, 2021 at 2:21 pm
facebook

(វ៉ាស៊ីនតោន)៖ ប្រជាជនអាមេរិកច្រើនជាង ៤៥ភាគរយ ដែលបានបោះឆ្នោតជូនអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ពួកគេនឹងចូលរួមជាមួយលោក ត្រាំ ប្រសិនបើលោកសម្រេចចិត្តចែកផ្លូវ ជាមួយគណបក្សសាធារណរដ្ឋ ទៅបង្កើតគណបក្សថ្មីមួយមែននោះ។ នេះបើតាមការស្ទង់មតិថ្មីមួយ ដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃច័ន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

ការស្ទង់មតិថ្មីខាងលើធ្វើឡើងដោយសាកលវិទ្យាល័យ សាហ្វហ្វូក (Suffolk University) និងសាព័ត៌មាន USA TODAY តាមរយៈការសាកសួរមនុស្ស ១,០០០នាក់ ដែលបានបោះឆ្នោតជូនលោក ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ។ ការស្ទង់មតិថ្មីនេះបានឱ្យដឹងថា ក្នុងចំណោមអ្នកដែលត្រូវបានសាកសួរ ឬសម្ភាសន៍ មាន ៤៦ភាគរយអះអាងថា ពួកគេនឹងចូលរួមជាមួយគណបក្សថ្មីរបស់លោក ត្រាំ ខណៈ ២៧ភាគរយថានឹងមិនចូលរួមឡើយ រីឯអ្នកដែលនៅសល់ គឺមិនបានសម្រេចចិត្ត។ បន្ថែមពីលើនេះ អ្នកដែលត្រូវបានសម្ភាសន៍មានរហូតដល់ទៅ ៥៦ភាគរយ បានបង្ហាញភាពស្មោះស្ម័គ្ររបស់ពួកគេចំពោះលោក ត្រាំ ជាជាងគណបក្សសាធារណរដ្ឋ។

គួរបញ្ជាក់ថា ការស្ទង់មតិខាងលើកើតមានឡើង បន្ទាប់ពីមានសេចក្ដីរាយការណ៍ ជាបន្តបន្ទាប់កាលពីពេលថ្មីៗនេះថា លោក ដូណាល់ ត្រាំ បានពិភាក្សាជាមួយក្រុមមនុស្សជំនិតរបស់លោក ពាក់ព័ន្ធនឹងការបង្កើតគណបក្សថ្មីមួយ ខណៈការបែកបាក់ផ្ទៃក្នុង កំពុងកើតឡើងនៅក្នុងគណបក្សសាធារណរដ្ឋ ក្រោយមានការវាយប្រហារលើវិមានសភាកាលពីថ្ងៃទី០៦ ខែមករាកន្លងទៅ ពីសំណាក់ក្រុមកុបករគាំទ្រលោក ដូណាល់ ត្រាំ ដែលបណ្ដាលឱ្យមនុស្ស ០៥នាក់ស្លាប់៕ ផ្តល់សិទ្ធិដោយ៖ freshnews