ត្រជាក់ខ្លាំងពេកនៅតិចសាស់ ធ្វើឲ្យក្មេងប្រុសម្នាក់បាត់បង់ជីវិត ដោយសារអគ្គិសនីត្រូវបានកាត់ផ្តាច់គ្មានភ្លើងកំដៅខ្លួន ពេលនេះគ្រួសារជនរងគ្រោះគ្រោងប្តឹងក្រុមហ៊ុនអគ្គិសនីទាមទារប្រាក់សំណង ១០០ លានដុល្លារ
Khmer press February 22, 2021 at 3:56 pm
facebook

អាមេរិក៖ គ្រួសាររបស់ជនរងគ្រោះម្នាក់ដែលបានស្លាប់ដោយសារអាកាសធាតុចុះត្រជាក់ខ្លាំង បន្ទាប់ពីនៅក្នុងផ្ទះរបស់គេគ្មានភ្លើងអគ្គិសនីសម្រាប់កំដៅខ្លួនគ្រោងនឹងដាក់ពាក្យបណ្ដឹងទៅកាន់ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីដើម្បីទាមទារប្រាក់សំណងចំនួន ១០០ លានដុល្លារអាមេរិក។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Conroe នៃរដ្ឋ Texas សហរដ្ឋអាមេរិក ខណៈជនរងគ្រោះដែលបានស្លាប់នោះគឺកុមារាមានឈ្មោះថា Cristian Pavon Pineda និងមានអាយុ ១១ ឆ្នាំ។

ប្រភពខាងលើបានបន្តថា កុមារងគ្រោះត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើគ្រែគេងក្នុងផ្ទះរបស់គេ ហើយយោងតាមការពិនិត្យសាកសពគឺជនរងគ្រោះបានស្លាប់ព្រោះតែរាងកាយរបស់គេមិនអាចទ្រាំនឹងអាកាសធាតុត្រជាក់បាន ក្រោយចរន្តភ្លើងនៅក្នុងផ្ទះរបស់គេបានដាច់ហើយម៉ាស៊ីនផ្តល់កំដៅលែងដំណើរការ។

ក្រុមហ៊ុនជាអ្នកផ្គត់ផ្គង់អគ្គិសនីដែលកំពុងរងនូវពាក្យបណ្ដឹងខាងលើនេះគឺជាក្រុមហ៊ុន ERCOT ហើយការខកខាតមិនបានផ្តល់ចរន្តអគ្គិសនីរបស់ក្រុមហ៊ុនមួយនេះបានធ្វើឲ្យពលរដ្ឋក្នុងរដ្ឋ Texas ប្រមាណជា ៤,៥ លានត្រូវរស់នៅដោយគ្មានភ្លើងអគ្គិសនី និងពលរដ្ឋប្រមាណជា ១៤ លាននាក់ផ្សេងទៀតត្រូវរស់នៅដោយគ្មានទឹកស្អាតសម្រាប់ទទួលទាន។

បើទោះជាពេលនេះចរន្តអគ្គិសនីបានដំណើរឡើងវិញរួចហើយក្តី ក៏នៅមានពលរដ្ឋប្រមាណជា ៣០ ០០០ នាក់កំពុងរស់នៅក្នុងតំបន់ដាច់ស្រយាលរួមទាំងមន្ទីរពេទ្យមួយចំនួនផងនៅតែមិនទាន់ទទួលបានទឹកស្អាតសម្រាប់ប្រើប្រាស់នោះទេ។ ចំពោះពាក្យបណ្ដឹងខាងលើនេះវិញរហូតមកទល់នឹងពេលនេះគឺគេនៅមិនទាន់ដឹងច្បាស់ថា ខាងតុលាការអាមេរិកនឹងសម្រេចដោះស្រាយដោយរបៀបណានោះទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត