តាមច្រកចេញ-ចូលរបស់សាលារាជធានីភ្នំពេញ ចាប់ផ្ដើមដាក់ដំណើរការប្រើប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ Stop Covid»
Khmer press February 23, 2021 at 11:57 am
facebook

(ភ្នំពេញ)៖ នៅតាមច្រកចេញ-ចូលរបស់សាលារាជធានីភ្នំពេញ បានបំពាក់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ Stop Covid» ហើយដោយចាប់ដំណើរការតាំងពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីបង្ការទប់ស្កាត់ នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះ បាននិងកំពុងរីករាលដាល ដល់សហគមន៍ជាថ្មីម្ដងទៀត។ ការបំពាក់នូវបច្ចេកវិទ្យាថ្មីនេះ អាចគ្រប់គ្រងទិន្នន័យ បានយ៉ាងល្អប្រសើរចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និងភ្ញៀវ ដែលចូលសាលារាជធានី បានប្រើប្រាស់ QR Code ទប់ស្កាត់កូវីដ Stop Covid គ្រប់គ្នា ជាមួយនិងការវាស់កំដៅបាញ់ លាងដៃនិងអាកុលផងដែរ។

ពាក់ព័ន្ធនឹងការបំពាក់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ Stop Covid នេះ នៅក្នុងកិច្ចប្រជុំជាបន្ទាន់មួយ ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងរដ្ឋបាលរាជធានីភ្នំពេញលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ណែនាំទៅគ្រឹះស្ថានសាធារណៈ និងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ត្រូវតែបំពាក់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ Stop Covid នេះ។

បច្ចេកវិទ្យាថ្មីនេះ ពិតជាមានសារសំខាន់ ព្រោះវាមានភាពងាយស្រួល ក្នុងការតាមដាន និងស្វែងរកអ្នកដែលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ បានលឿនជាងការប្រើប្រាស់ មនុស្សដើម្បីស្វែងរក ហើយអាចយកមនុស្ស ដែលពាក់ព័ន្ធទៅធ្វើចត្តាឡីស័ក ក៏ដូចជាទៅព្យាបាលបានលឿន និងទាន់ពេលវេលា។

គួរបញ្ជាក់ថា លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចូលក្នុងកិច្ចប្រជុំជាបន្ទាន់ ជាមួយនិងរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ កុម្ភៈ កន្លងមកនេះ បានបញ្ជាក់ហើយថា បច្ចេកវិទ្យាថ្មី QR Code ទប់ស្កាត់កូវីដ Stop Covid នេះពិតជាមានតម្លៃ និងផ្ដល់ភាពងាយស្រួល ក្នុងបង្ការ និង ទប់ស្កាត់ជំងឺកូវីដ-១៩ ដោយសារថា បើអ្នកពាក់ព័ន្ធជាមួយនឹងកូវីដ-១៩ បច្ចេកវិទ្យាថ្មីនេះ នឹងបង្ហាញទៅលើប្រព័ន្ធស្មាតហ្វូន ថាបុគ្គលនេះធម្មតា បុគ្គលនេះជាបុគ្គលមានហានិភ័យខ្ពស់ និងបុគ្គលនេះ ជាបុគ្គលគួរឲ្យសង្ស័យ ដែលយើងអាចធ្វើចំណាត់ការបានលឿននិងមានប្រសិទ្ធភាព។

គិតត្រឹមម៉ោង៤៖៣០នាទីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ លោក ជា វ៉ាន់ដេត បានប្រាប់អគ្គនាយកបណ្តាញព័ត៌មាន Fresh News ថា មានគ្រឹះស្ថានសាធារណៈនិងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រជាដើម ចំនួន១៦ ៥៩៥ទីតាំង បានចុះឈ្មោះបង្កើត QR Code សម្រាប់ប្រើប្រាស់ ហើយប្រជាពលរដ្ឋបានប្រើប្រាស់រហូតដល់ ៧៩១០០នាក់ ៕ ផ្តល់សិទ្ធិដោយ៖ freshnews